ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​បើក​សេវា​ព្យាបាល​និង​លក់​ឱសថ​រួម​គ្នា

2010-01-03

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រសួង​សុខាភិបាល​បាន​ដាក់​បទបញ្ជា​ដល់​ម្ចាស់​គ្លីនិក មិន​អនុញ្ញាត​ឲ្យ​បើក​សេវា​ព្យាបាល​ជំងឺ​ផង​និង​លក់​ឱសថ​ផង​មាន​ទីតាំង​នៅ​ជាមួយ​គ្នា​ទៀត​ទេ ប្រយោជន៍​ទប់​ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា។

RFA/Ratha Visal

២១-វិច្ឆិកា-២០០៩: ទីតាំង​របស់​គ្លីនិក​ឯកជន​ចិន ឈ្មោះ ប៉េកាំង នៅ​ក្នុង​ក្រុង​បានលុង ខែត្រ​រតនគិរី។

លោក​បន្ត​ថា បទ​បញ្ជា​នេះ​ក៏​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​កើត​ចេញ​ពី​ជំនាញ​មិន​ច្បាស់​លាស់​របស់​គ្លីនិក​ទាំង​នោះ ពោល​គឺ​បើ​ទទួល​ព្យាបាល​គឺ​គិត​តែ​ពី​ការ​ព្យាបាល ចំណែក​​​គ្លីនិក​លក់​ឱសថ គឺ​បម្រើ​តែ​ការ​លក់​ឱសថ​តែ​មួយ​មុខ។ ការ​ធ្វើ​យ៉ាង​នេះ វា​នឹង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ផ្នែក​សុខាភិបាល​ដែល​កើត​មាន​មិន​ចេះ​ចប់​កាល​ពី​រយៈពេល​កន្លង​មក។

លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ឲ្យ​តែ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ហ្នឹង យើង​ចែក​គ្នា។ បើ​ថា​យើង​មើល​ជំងឺ​យើង​មើល យើង​កុំ​លក់​ឱសថ ហើយ​អ្នក​លក់​ឱសថ​ក៏​មិន​ត្រូវ​មើល​ជំងឺ​ដែរ»

លោក ម៉ម ប៊ុនហេង អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ផ្តល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​លើ​គ្លីនិក​ទាំង​ឡាយ​ណា​ដែល​ល្មើស​នឹង​បម្រាម​របស់​ក្រសួង​សុខាភិបាល នៅ​បន្ត​បើក​គ្លីនិក​និង​លក់​ឱសថ​មាន​ទីតាំង​នៅ​ជាមួយ​គ្នា​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ព័ត៌មាន​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​​​​ឯកជន​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បោក​ប្រាស់​តាម​វិទ្យុ ទូរទស្សន៍ កាសែត ឬ​ទស្សនាវដ្តី គ្រប់​ដណ្តប់​ទូទាំង​ប្រទេស​ប្រាសចាក​ពី​ការ​ពិត ចាត់​វិធានការ​លុប​បំបាត់​និង​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​ចេញ​ពី​ការ​ផ្សព្វផ្សាយ​បោក​ប្រាស់​ទាំង​នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា កន្លង​មក​ក្រសួង​បាន​សហការ​ជាប់​ជានិច្ច​ជាមួយ​ក្រសួង​សុខាភិបាល​ទៅ​លើ​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ឱសថ​របៀប​បោក​ប្រាស់​និង​ឈាន​ដល់​ការ​លុប​បំបាត់​បាន​មួយ​ចំនួន​ធំ​នៅ​កម្ពុជា។

លោក​បន្ត​ថា ដើម្បី​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ឱសថ​របៀប​បោក​ប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួង​សុខាភិបាល​គួរ​ផ្តល់​ព័ត៌មាន​ពី​ចំនួន​ក្រុមហ៊ុន ឬ​គ្លីនិក​ទាំង​ឡាយ​ដែល​ក្រសួង​សុខាភិបាល​អនុញ្ញាត​ច្បាប់​ថា​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាដក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លុប​បំបាត់។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រសួង​សុខាភិបាល​កាលណា​មើល​ឃើញ​កន្លែង​ណា​គេ​នៅ​តែ​ធ្វើ​ទៀត គាត់​ត្រូវ​ជូន​ដំណឹង​មក​យើង។ សុខាភិបាល​ខ្លួន​ឯង​ហ្នឹង​គាត់​ត្រូវ​មើល​នរណា​ដែល​ផ្សាយ​ខុស​ហ្នឹង ព្រោះ​យើង​មិន​អាច​ទទួល​បាន​ថា អ្នក​ណា​មាន​អាជ្ញាប័ណ្ណ ឬ​បាន​ទិដ្ឋាការ​ពី​សុខាភិបាល​ទេ សុខាភិបាល​ត្រួត​មើល​ទៅ បើ​មិន​នេះ​ទេ គាត់​ផ្ទាល់​ទៅ​ស្ថាប័ន​ណា​ដែល​ផ្សាយ​ខុស​ទៅ គាត់​គ្រាន់តែ​ចម្លង​មក​ក្រសួង​ព័ត៌មាន​មក ក្រសួង​ព័ត៌មាន​ចាំ​ជួយ​អន្តរាគមន៍​គាត់​ទៀត»

មន្ត្រី​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌ ប្រសិន​បើ​ស្រាវជ្រាវ​រក​ឃើញ​នៅ​តាម​ឱសថ​ស្ថាន​មិន​មាន​បិទ​មីញ៉ែត​របស់​ក្រសួង​សុខាភិបាល សូម​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ពិសេស​ម្ចាស់​ឱសថ​ស្ថាន​ផ្សំ​ថ្នាំ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​និង​ត្រូវ​ដក​អាជ្ញា​ប័ណ្ណ​ភ្លាមៗ៕


No comments: