គ.ជ.ប.​អំពាវនាវ​ឲ្យ​អ្នក​បោះឆ្នោត​ពិនិត្យ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ

2009-08-27

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​អំពាវនាវ​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចុង​ក្រោយ និង​អ្នក​មាន​អាយុ​គ្រប់​បោះ​ឆ្នោត​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​២០០៩។

RFA Photo

អ្នក​បោះឆ្នោត​​រក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត នា​ថ្ងៃ​ទី​២៧ កក្កដា ២០០៨។

អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​សីហា សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​ដែល​នឹង​បិទ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចាប់​ពី​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ។ រីឯ​អ្នក​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត​សូម​ចូលរួម​ចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គ.ជ.ប.​ចាប់​ពី​ថ្ងៃ​១ ខែ​តុលា ដល់​ថ្ងៃ​២០ ខែ​តុលា ឆ្នាំ​២០០៩។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «ជម្រាប​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ថា ចាប់​ពី​ថ្ងៃ​ទី​២៩​-​៣០ ខែ​៩​នេះ ទៅ​គ.ជ.ប.​នឹង​បិទ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ គឺ​បញ្ជី​ឈ្មោះ​ឆ្នាំ​២០០៨ នៅ​សាលា​ឃុំ​សង្កាត់។ អ៊ីចឹង​ទេ​សូម​បង​ប្អូន​មេត្តា​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ»

លោក ទេព នីថា ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​ជា​ឆ្នាំ​សំខាន់​ដែល​គ.ជ.ប.​ធ្វើការ​សម្អាត​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត គឺ​លុប​ឈ្មោះ​អ្នក​ស្លាប់​ចេញ និង​កែ​តម្រូវ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អត្ត​សញ្ញាណ​ប័ណ្ណ​ជាតិ​ខ្មែរ និង​ចុះ​ឈ្មោះ​អ្នក​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ។

លោក​បាន​បន្ត​ថា ដើម្បី​ឲ្យ​ដំណើរការ​នោះ​បាន​ប្រសើរ​គ.ជ.ប.​ត្រូវការ​ជ្រើសរើស​មន្រ្តី​បុគ្គិលក​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី​ដើម្បី​បម្រើ​ការងារ​នៅ​តាម​លេខាធិការដ្ឋាន រាជធានី ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​២០០៩។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «សម្រាប់​ការ​ត្រៀម​ឆ្នាំ​នេះ យើង​ចាប់ផ្ដើម​ពី​ខែ​នេះ​ទៅ ដោយ​ជ្រើសរើស​មន្រ្តី​បុគ្គលិក​សម្រាប់​ដំណើរការ​នៅ​ថ្នាក់​ជាតិ ហើយ​នៅ​បំណាច់​ខែ​នេះ​យើង​នឹង​ចុះ​ជ្រើសរើស​មន្រ្តី​បំពេញ​ការងារ​នៅ​ថ្នាក់​ខេត្ត​មួយចំនួន ហើយ​បន្ទាប់​មក​ទៀត​យើង​ធ្វើការ​បណ្ដុះ​បណ្ដាល​មន្រ្តី ទាំង​នៅ​ថ្នាក់​ជាតិ ទាំង​នៅ​ថ្នាក់​ខេត្ត ព្រម​ទាំង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​ស្មៀន​ឃុំ​សង្កាត់​ដែល​ជា​អ្នក​អនុវត្ត​សម្រាប់​បម្រើ​ការ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ»

របាយការណ៍​ឆ្នាំ​២០០៨ ពី​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះ​ឆ្នោត​នៅ​កម្ពុជា​ខ្លះ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​មាន​អាយុ​គ្រប់​បោះ​ឆ្នោត​ច្រើន​ពាន់​នាក់​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ និង​មិន​បាន​បោះ​ឆ្នោត​ជាង​២​លាន​នាក់​ដើម្បី​ជ្រើសរើស​តំណាង​រាស្រ្ត​ដែល​ពួក​គេ​បាន​គាំទ្រ​នៅ​ឆ្នាំ​២០០៨​នោះ​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១១​ចូលរួម​បោះ​ឆ្នោត​ប្រកួត​ប្រជែង​កន្លង​មក។

តាម​តួលេខ​របស់​គ.ជ.ប.​ឆ្នាំ​២០០៨ ឲ្យ​ដឹង​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង​៨​លាន​នាក់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចុង​ក្រោយ ប៉ុន្តែ​អ្នក​បាន​បោះ​ឆ្នោត​ជាក់ស្តែង​មាន​តែ​៦.០១០.២៧៧​នាក់​ប៉ុណ្ណោះ៕

No comments: