តំបន់ព្រៃស្រោងនៅរតនគិរីត្រូវគេជួលឲ្យកម្មករកាប់រានយកដី
ដោយ រដ្ឋា វីសាល
2009-08-27
ប្រជាសហគមន៍ជនជាតិដើមភូមិផ្អរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ឲ្យដឹងថា តំបន់ព្រៃស្រោងដែលនៅសេសសល់ក្នុងមូលដ្ឋានសម្រាប់ទីសក្ការៈអ្នកភូមិត្រូវគេជួលកម្មករកាប់រានដើម្បីហ៊ុមព័ទ្ធយកដីបន្តទៀតចាប់ពីចុងខែកក្កដារហូតមក។
២៨ ធ្នូ ២០០៨: ព្រៃឈើដែលត្រូវគេអាររំលំនៅក្នុងឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។
តំណាងសហគមន៍សុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា តំបន់ព្រៃស្រោងក្រងសុទេសដែលនៅសេសសល់ពីការកាប់រានកាលពីឆ្នាំកន្លងទៅកំពុងត្រូវបានកម្មករបីក្រុមមានគ្នាប្រមាណ២០នាក់កាប់រានដើមឈើតូចៗផ្នែកខាងក្រោមអស់ប្រមាណ២០ហិកតារ រួចហើយដើម្បីឈានទៅអាររំលំដើមឈើធំៗជាបន្ត ៖ «ត្រឹមតែត្រួសជើងក្រោម១ហិកតារ ២៥ម៉ឺន។ ព្រៃហ្នឹងអស់ប្រហែលជា២០ហិកតារ ហើយ២០ហិកតារហ្នឹងចែកជា៤ក្រុម គេដាក់កម្លាំងមកកាប់តទៀត។ ព្រៃការពាររបស់សហគមន៍»។
លោក រចំ ឡៃ មេឃុំកិចុង មានប្រសាសន៍ថា ពិតជាមានការកាប់ព្រៃស្រោងនោះ ក៏ប៉ុន្តែលោកបដិសេធថា មិនបានដឹងពីប្រភពអ្នកជួលកម្មករឲ្យកាប់រានព្រៃនោះទេ។ លោកថាបានសុំកិច្ចអន្តរាគមន៍បង្រ្កាបបញ្ហានេះហើយ។
លោក រចំ ឡៃ បានបញ្ជាក់ថា ៖ «សុំចាត់សមត្ថកិច្ចបង្រ្កាប ដកចេញ ហើយដកហូតសម្ភារៈមួយចំនួនបញ្ជូនទៅស្រុកអស់ហើយ បានមនុស្សមួយចំនួន»។
មន្ត្រីគ្រប់គ្រងព្រៃឈើខេត្តរតនគិរីឲ្យដឹងថា កម្មករ៧នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០០៩ បន្ទាប់ពីក្រុមសមត្ថកិច្ចចុះបង្រ្កាបករណីនេះ ក៏ប៉ុន្តែបានដោះលែងពួកគេវិញ ដោយសារសកម្មភាពកាប់រានមិនទាន់ប៉ះពាល់ខូចខាតតំបន់ព្រៃឈើធំៗនៅឡើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក យូ កានវិមាន មានប្រសាសន៍ថា កម្មករទាំងនោះជាអ្នកក្រីក្រស៊ីឈ្នួលកាប់ឈើ។ លោកថា ទំហំខូចខាតមិនមានអ្វីធ្ងន់ធ្ងរ ដូច្នេះវិធានការអប់រំត្រូវបានធ្វើចំពោះពួកគេជាដំបូង ជាមួយនោះដែរសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកប្រភពអ្នកជួលកម្មករទាំងនោះ។
លោក យូ កានវិមាន បានមានប្រសាសន៍ថា ៖ «ហៅមកធ្វើកិច្ចសន្យាកុំឲ្យកាប់អីអ៊ីចឹងទៀត គ្នាមិនយល់ដឹង យើងអប់រំ។ យើងកំពុងចាត់ការ ហើយបន្តិចទៀតគណៈកម្មការខេត្តប្រជុំហើយ ដាក់វិធានការក្ដៅគគុក។ ថ្ងៃហ្នឹងខ្ញុំឲ្យមេព្រៃចុះធ្វើការបន្ត»។
នេះគឺជាលើកទីពីរហើយដែលព្រៃឈើនៅតំបន់អភិរក្សនៅឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី និងជាតំបន់គម្របព្រៃស្រោងដែលគ្រប់គ្រងដោយស្ថាប័នព្រៃឈើរងការកាប់បំផ្លាញ។
កាលពីឆ្នាំ២០០៨ តំបន់ព្រៃក្រងសុទេសត្រូវបានកម្មករស៊ីឈ្នួលកាប់រានម្តងរួចទៅហើយ អស់ព្រៃឈើប្រមាណ២០០ហិកតារ។
ប្រជាសហគមន៍ភូមិផ្អរបានដាក់ពាក្យប្តឹងពីករណីនេះទៅអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធ ដោយចោទប្រកាន់ក្រុមហ៊ុនមួយឈ្មោះ វីណា ហុងកុងហ្រ្គូប ដែលចូលទៅបោះទីតាំងនៅជាប់ព្រៃនោះ ហើយបានជួលកម្មករកាប់រាន បន្ទាប់ពីបានទិញដីតំបន់នោះពីលោក អួន សុវណ្ណា មេបញ្ជាការនគរបាលវរព្រំដែនខេត្តរតនគិរី ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មាននរណាម្នាក់ត្រូវដាក់បន្ទុកលើការទទួលខុសត្រូវក្នុងការកាប់ព្រៃនោះទេ៕
No comments:
Post a Comment