ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​នៅ​ខេត្ត​សៀមរាប​កើន​ឡើង

ចំណង​ជើង​អត្ថបទ​ដំណឹង​ស្ដីពី​អំពើ​រំលោភ​សេព​សន្ថវៈរបស់​កាសែត​«រស្មី​កម្ពុជា» ដែល​បង្ហាញ​រូប​ថត​ក្មេង​ស្រី​ជន​រងគ្រោះ និង​បុរស​ជន​ល្មើស​នៃ​ករណី​រំលោភ​ពីរ​ផ្សេង​គ្នា ចុះ​ផ្សាយ​ថ្ងៃ​ទី​១២ សីហា ២០០៩

ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​នៅ​ខេត្ត​សៀមរាប​កើន​ឡើង

2009-08-12

មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ស្ថិតិ​នៃ​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​ក្រោម​អាយុ​១៨​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០០៩​នេះ មាន​ការ​កើន​ឡើង​ខ្ពស់ បើ​ប្រៀបធៀប​គ្នា​ទៅ​នឹង​តួលេខ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​ដូច​គ្នា។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​មើល​ឃើញ​ថា អំពើ​ចាប់​រំលោភ​ផ្លូវ​ភេទ​មក​លើ​កុមារ​នៅ​ខេត្ត​សៀមរាប មិន​បាន​ថយ​ចុះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​៦​ខែ​ដូច​គ្នា ដោយ​សង្គម​ស៊ីវិល​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​និង​ការ​បាត់​បង់​ធនធាន​ស្ត្រី​នៅ​ក្នុង​សង្គម ដោយសារ​ឪពុក​ម្តាយ​មួយ​ចំនួន មាន​ការ​ខ្លាច​រអែង​មិន​បញ្ជូន​កូន​ទៅ​សាលារឿន​និង​នៅ​ពេល​ដែល​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​ដើម។

អ្នក​សម្រប​សម្រួល​របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ (CWCC) ប្រចាំ​ខេត្ត​សៀមរាប អ្នកស្រី កេត នឿន បាន​មាន​ប្រសាសន៍​ថា ករណី​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​កុមារី​មិន​ទាន់​គ្រប់​អាយុ​ផ្លូវ​ច្បាប់ គឺ​មាន​ច្រើន​ជាង​ការ​រំលោភ​ទៅ​លើ​ស្ត្រី​គ្រប់​អាយុ គិត​ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០០៩។

អ្នកស្រី កេត នឿន បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​មិន​ទាន់​គ្រប់​អាយុ​នៅ​ខេត្ត​សៀមរាប មាន​ការ​កើន​ឡើង​មិន​ថយ​ចុះ​ទេ ដែល​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល រក​ឃើញ​ថា ជន​ប្រព្រឹត្ត​អំពើ​រំលោភ​ផ្លូវ​ភេទ​មក​លើ​កុមារ ភាគ​ច្រើន​គឺ​ជា​សាច់​ញាតិ​និង​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ​ស្នាល ហើយ​មូលហេតុ​បណ្តាល​ពី​អ្នក​ប្រព្រឹត្ត​ខ្លះ​បាន​មើល​វីដេអូ​អាស​អាភាស និង​ខ្លះ​ទៀត បាន​សេព​គ្រឿង​ស្រវឹង។

អ្នកស្រី កេត នឿន ថ្លែង​ដូច្នេះ​ថា ៖ «ដែល​ពាក់ព័ន្ធ​ករណី​រំលោភ មាន​ពី​សាច់​ញាតិ ពី​ឪពុក​ខ្លួន​ឯង ប៉ុន្តែ​គ្រាន់​តែ​ថា​ឪពុក​ទី​២ អ្នក​ដទៃ។ បើ​រំលោភ​ទៅ​លើ​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ​វិញ យើង​ឃើញ​ថា មនុស្ស​ហ្នឹង​ធ្លាប់​បាន​ទំនាក់​ទំនង​ជិត​ដិត ហើយ​ក្រុម​គ្រួសារ​ហ្នឹង​ទុក​ចិត្ត។ វា​ពាក់ព័ន្ធ ដូច​ថា​ការ​មើល​វីដេអូ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​គាត់​ប្រើ​គ្រឿង​ស្រវឹង»

របាយការណ៍​របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ​ប្រចាំ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០០៩​នេះ ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​មាន​ចំនួន ១៤៩​ករណី ដែល​មាន​កុមារ​រង​គ្រោះ​ជាង ២៦០​នាក់។ តួ​លេខ​នេះ​គឺ​ខ្ពស់​ជាង​ចំនួន​កុមារ​រង​គ្រោះ​ដោយ​ការ​រំលោភ​ផ្លូវ​ភេទ​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​តែ ៧១​ករណី និង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​តែ ៥៣​ករណី​ប៉ុណ្ណោះ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០០៨ កន្លង​មក។

ប្រជា​ពលរដ្ឋ​នៅ​តាម​ជន​បទ​ខ្លះ ត្រូវ​ទទួល​រង​គ្រោះ​ដោយ​សារ​គេ​ចាប់​រំលោភ​កូន​ស្រី នៅ​ពេល​ដែល​ទុក​កូន​នៅ​ផ្ទះ ហើយ​ឪពុក​ម្តាយ​រវល់​ធ្វើ​ការងារ​ចិញ្ចឹម​ជីវិត​ជា​ដើម។

ស្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ភូមិ​ប្រិយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប បាន​នាំ​កូន​មក​សុំ​ការ​ជួយ​ជ្រោម​ជ្រែង​ផ្លូវ​ច្បាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ កាល​ពី​ពេល​ថ្មីៗ បាន​មាន​ប្រសាសន៍​ថា កូន​ស្រី​របស់​គាត់​ម្នាក់​អាយុ ៦​ឆ្នាំ ត្រូវ​បាន​បុរស​ម្នាក់ អាយុ​ជាង ២០​ឆ្នាំ ជា​អ្នក​ជិត​ខាង​ចាប់​រំលោភ​បាន​សម្រេច​ចំនួន​២​ដង នៅ​ពេល​ដែល​កូន​គាត់​ទៅ​លេង​ផ្ទះ​ជន​ជាប់​ចោទ​នោះ ៖ «ខ្ញុំ​សង្ស័យ​ជាមួយ​កូន​ខ្ញុំ កូន​ខ្ញុំ​វា​រាង​ស្លេក​ស្លាំង​ខ្លាំង។ សួរ​ទៅ​ថា ចាប់​ប៉ុន្មាន​ដង ចាប់ ២​ដង នៅ​កន្លែង​ណាៗ វា​ប្រាប់​អស់​ទៅ។ ឪ​វា​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​កន្លែង​ប៉ុស្តិ៍​ឯណេះ»

បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា រហូត​ដល់​ខែ​សីហា ឆ្នាំ​២០០៩ គេ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​គ្រួសារ​កុមារ​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ​ចំនួន ៦​ករណី ប៉ុន្តែ​គេ​ជឿ​ថា ចំនួន​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​អាច​នឹង​មាន​ច្រើន​ជាង​ករណី​ដែល​គេ​បាន​ទទួល ពីព្រោះ​គ្រួសារ​ក្រីក្រ​ខ្លះ​មិន​បាន​មក​ដាក់​ពាក្យ​ប្ដឹង និង​ខ្លះ ត្រូវ​គេ​សម្រប​សម្រួល​នៅ​តាម​មូលដ្ឋាន​ដោយ​ចេញ​សំណង​ជំងឺ​ចិត្ត​ជា​លុយ​ខ្លះៗ។

អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ការងារ​ស្រ្តី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក អ្នកស្រី លឹម មុនី បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា តួលេខ​នៃ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ខេត្ត​សៀមរាប គឺ​ពិត​ជា​មាន​ការ​កើន​ឡើង​មែន។

អ្នកស្រី លឹម មុនី បាន​មាន​ប្រសាសន៍​ទៀត​ថា តាម​ការ​សង្កេត អ្នកស្រី​យល់​ថា ហេតុ​ផល​នៃ​ការ​កើន​ឡើង​នូវ​អំពើ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី គឺ​ដោយសារ​ស្ថាប័ន​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ធ្វើ​មិន​បាន​ត្រឹម​ត្រូវ​តាម​តួនាទី ដូច​ជា​ករណី​ព្រហ្ម​ទណ្ឌ មក​សម្រប​សម្រួល​ដោះស្រាយ​តាម​រឿង​ស៊ីវិល​ជា​ដើម។

អ្នកស្រី លឹម មុនី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «របាយការណ៍​នៅ​សៀមរាប​កើន​អ៊ីចឹង​ពិត​មែន ហេតុ​ផល​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​មិន​បាន​ត្រឹម​ត្រូវ​តាម​តួនាទី ដោយសារ​តែ​តុលាការ ឬ​អ្នក​សម្រប​សម្រួល​មាន​ភូមិ​ឃុំ ក៏​ដូច​ជា​ប៉ូលិស​អ៊ីចឹង ចេះ​តែ​សម្រួល​កិច្ចការ​ព្រហ្ម​ទណ្ឌ​ទៅ​ជា​រឿង​ស៊ីវិល ធ្វើការ​ផ្សះ​ផ្សា​សម្រប​សម្រួល​ឲ្យ​ភាគី​ដើម​បណ្ដឹង​ហ្នឹង និង​ចុង​ចោទ​ហ្នឹង ស៊ី​សង​គ្នា​ជា​សំណង​រដ្ឋ​ប្បវេណី​ហ្នឹង គឺ​ជា​មូល​ហេតុ​ធំ​ណាស់​ដែល​ជន​ល្មើស​ចេះ​តែ​ប្រព្រឹត្ត​ដដែលៗ»

អ្នកស្រី លឹម មុនី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា កុមារ​ដែល​ទទួល​រង​ការ​រំលោភ​ផ្លូវ​ភេទ គឺ​មាន​ស្មារតី​ទន់​ខ្សោយ​និង​បញ្ហា​មួយ​ទៀត គឺ​ប៉ះ​ពាល់​ដល់​សុវត្ថិភាព ដែល​ឪពុក​ម្តាយ​ខ្លះ​រស់​នៅ​ភូមិ​ឆ្ងាយ​ពី​សាលា​រៀន មិន​ហ៊ាន​បញ្ជូន​កូន​ស្រី​ទៅ​រៀន ដែល​វា​អាច​នឹង​បាត់​ធនធាន​ស្រ្តី​នៅ​ក្នុង​ការងារ​និង​សង្គម​សម្រាប់​អនាគត។

ចំណែក​ប្រធាន​ផ្នែក​នគរបាល​ការពារ​អនីតិជន​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ជា ហេង បាន​អល់អែក​ក្នុង​ការ​ទទួល​ស្គាល់​តួលេខ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​អះអាង​ពី​ការ​កើន​ឡើង​នូវ​អំពើ​ចាប់​រំលោភ​លើ​កុមារ​នោះ។

លោក ជា ហេង បាន​មាន​ប្រសាសន៍​ថា ចំពោះ​តួលេខ​ដែល​ខាង​លោក​បាន​ធ្វើ​ផ្ទាល់​លើ​ករណី​នោះ ឃើញ​ថា មិន​មាន​ចំនួន​កើន​ឡើង​ខ្ពស់​ដូច​តួលេខ​របស់​អង្គការ​ទេ ៖ «ខាង​អង្គការ​គាត់​ច្រើន​តែ​យក​ខាង ១៧​(អាយុ)​អី​ហ្នឹង វា​ស្រលាញ់​គ្នា ទៅ​ដេក ដល់​ចុង​ក្រោយ​មក មនុស្ស​ប្រុស​ដោះ​ដៃ ខាង​ស្រ្តី​មិន​សុខ​ចិត្ត គេ​មក​ប្ដឹង​គាត់ ក៏​គាត់​ថា រំលោភ​លើ​កុមារ​ដែរ ដល់​អ៊ីចឹង ទិន្នន័យ​វា​កើន​ឡើង​ខ្ពស់។ ចំណែក​ខាង​ខ្ញុំ​ដែល​អ្នក​ស៊ើប​ផ្ទាល់​នេះ វា​ដូច​ជា​មិន​ខ្ពស់​ទេ ព្រោះ​ខាង​ខ្ញុំ​ខំ​ទប់​ស្កាត់​គ្រប់​រូប​ភាព​ដែរ»

មន្ត្រី​ប៉ូលិស​ដដែល​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា ក្រុម​ប៉ូលិស​របស់​លោក​បាន​និង​កំពុង​ប្រឹង​ប្រែង​ការពារ​និង​ទប់​ស្កាត់​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​យ៉ាង​ខ្លាំង តាម​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​និង​មាន​ការ​ដើរ​បិទ​បដា​នៅ​តាម​តំបន់​នានា រួម​និង​ប្រាប់​លេខ​ទូរស័ព្ទ​របស់​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន ឲ្យ​រាយ​ការណ៍​ផង ប្រសិន​បើ​មាន​ជួប​ករណី​ចាប់​រំលោភ​លើ​កុមារ​នោះ។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ក្នុង​ឆ្នាំ​២០០៨ កន្លង​មក បាន​ឲ្យ​ដឹង​ថា ការ​ចាប់​រំលោភ​លើ​ស្រ្តី​និង​កុមារ ពី​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​មាន​ចំនួន ៤១៩​ករណី ដែល​គេ​ជឿ​ថា ចំនួន​នៃ​ករណី​រំលោភ​អាច​មាន​ច្រើន​ជាង​តួលេខ​នេះ ប៉ុន្តែ​ករណី​ខ្លះ​បាន​កើត​ឡើង​នៅ​ទី​ជន​បទ​ដាច់​ស្រយាល ដែល​អង្គការ​មិន​បាន​ទទួល​ព័ត៌មាន។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ ចំនួន​ជាង ៤០០​ករណី កាល​ពី​ឆ្នាំ​២០០៨​នោះ គឺ​ស្រ្តី​និង​កុមារ​ចំនួន​៣៤​ករណី ត្រូវ​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​ក្រោយ​ពី​រំលោភ​រួច​រាល់​ហើយ៕

No comments: