នាយករដ្ឋមន្ត្រីនិយាយអំពីការផ្ទុះគ្រាប់នៅក្បែរផ្ទះនៅតាខ្មៅ
ដោយ កែវ និមល
2009-06-30
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជាបានមានប្រសាសន៍ឲ្យដឹងអំពីមូលហេតុនៃឧប្បត្តិហេតុផ្ទុះគ្រាប់កាលពីយប់ថ្ងៃទី២៨ មិថុនា នៅក្បែរបរិវេណគេហដ្ឋានរបស់លោកនៅជាយក្រុងតាខ្មៅនោះ ថាបណ្តាលមកពីការកេះដែកកេះមើលសាំងហូរ នាំឲ្យមានការឆាបឆេះឡើងនិងផ្ទុះគ្រាប់រ៉ុក្កែតដែលបានផ្ទុកលើឡានយោធានោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរការពារដោយអង្គរក្ស។
ថ្លែងទៅកាន់មន្រ្តីជាន់ខ្ពស់និងសិស្សនិស្សិតជិត ១.០០០នាក់ ដែលបានជួបជុំគ្នានៅក្នុងពិធីចែកសញ្ញាបត្រមួយនៅវិទ្យាស្ថានជាតិអប់រំនៅក្រុងភ្នំពេញ នៅថ្ងៃទី៣០ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ៖ «សាំងវាហៀរ ...ម្នាក់គ្នាប្រឹងយកសាប៊ូទៅបិទ ហើយម្នាក់ទៀតវាកេះដែកកេះ រួចក៏ឆាបឆេះ ហើយឆាបទៅប៉ះឡានដឹកគ្រាប់យកទៅទល់ដែន។ ដល់ឆេះឡានហ្នឹងទៅ ក៏ផ្ទុះគ្រាប់ហ្នឹងទៅ។ មួយឡានដឹកបានតែ ៣០គ្រាប់ វាផ្ទុះអស់២៩ ប៉ុន្តែអានេះអត់បានបំពាក់ក្បាលគ្រាប់ទេ វាឆេះតែខ្លួនទេ បើបំពាក់ទាំងក្បាល វាប្រវែង២ម៉ែត្រកន្លះឯណោះ។ ខ្ញុំកំពុងអង្គុយលេងអុក ឮសូរភឹងទៅ ឃើញនៅខាងក្រោយ ឆ្ងល់ថា វាស្អីវា ដល់ភឹងទី២ ភឹងទី៣ ភឹងទី៤ ក៏អង្គរក្សថា សូមឲ្យចូលក្នុងទៅពូ ហើយក៏ចូលទៅ។ វាគ្មានទៅស្អីវា។ ប៉ុន្តែវាហោះកាត់ដំបូលផ្ទះ អាគ្រាប់មួយនោះហោះកាត់មុខផ្ទះទៅដាច់កដើមដូងនៅផ្ទះ ឯម សំអាន អាមួយបុកចូលក្នុងដីជម្រៅ ៥ម៉ែត្រទៅក្នុងដី»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសុំអភ័យទោសចំពោះប្រជាពលរដ្ឋដែលមានលំនៅក្នុងតំបន់ដែលមានគ្រាប់ផ្ទុះថា ៖«ម៉ោង ៧កន្លះរហូតដល់ម៉ោង ៩ ប្រហែលជាមានអ្នកខ្លះសង្ស័យថា ហ៊ុន សែន ងាប់ហើយ ពួកស្អប់ខ្ញុំវាអរថា អាហ្នឹងងាប់ហើយ បើមិនងាប់ទេ ក៏វាខ្ទេចខ្ទាំដែរនៅតំបន់ហ្នុង រីឯអ្នកដែលស្រឡាញ់រាប់អានខ្ញុំគេព្រួយបារម្ភពីជោគវាសនារបស់ខ្ញុំ ខ្លះក៏ទូរស័ព្ទទៅ ខ្លះក៏ទៅដល់ទៅ។ សូមអភ័យទោសប្រជាពលរដ្ឋដែលរស់នៅតំបន់តាខ្មៅ ដែលធ្វើឲ្យមានការភ័យខ្លាច»។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងដែរថា គ្រាប់និងរថយន្តយោធានោះមានគោលដៅចេញដំណើរទៅកាន់តំបន់ព្រំដែនខែត្រព្រះវិហារដែលកំពុងមានជម្លោះជាមួយកងទ័ពថៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញផ្សាយតាមវិទ្យុនិងទូរទស្សន៍កាលពីយប់ថ្ងៃទី២៨ មិថុនា ការផ្ទុះគ្រាប់នោះបានកើតឡើងនៅម៉ោង ១៩ និង ៣០នាទីយប់ នៅក្បែរបន្ទាយទួលក្រសាំង ខែត្រកណ្តាល មានឆេះរថយន្តយោធាមួយគ្រឿង បណ្តាលឲ្យមានការឆេះគ្រាប់មួយចំនួនលើរថយន្តនោះ។ អ្នកបើកបរម្នាក់និងអ្នកជំនួយការបើកបរម្នាក់នៃរថយន្តនោះ ត្រូវរបួសទាំងពីរនាក់ ក្នុងនោះមានម្នាក់របួសជាទំងន់។
សេចក្តីប្រកាសព័ត៌មានបានចាត់ទុកថា ឧបទ្ទវហេតុនោះគួរឲ្យសោកស្តាយ៕





