From RFA.ORG

នាយក​រដ្ឋមន្ត្រី​និយាយ​អំពី​ការ​ផ្ទុះ​គ្រាប់​នៅ​ក្បែរ​ផ្ទះ​នៅ​តា​ខ្មៅ

2009-06-30

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុ​ផ្ទុះ​គ្រាប់​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មិថុនា នៅ​ក្បែរ​បរិវេណ​គេហដ្ឋាន​របស់​លោក​នៅ​ជាយ​ក្រុង​តាខ្មៅ​នោះ ថា​បណ្តាល​មក​ពី​ការ​កេះ​ដែក​កេះ​មើល​សាំង​ហូរ នាំ​ឲ្យ​មាន​ការ​ឆាប​ឆេះ​ឡើង​និង​ផ្ទុះ​គ្រាប់​រ៉ុក្កែត​ដែល​បាន​ផ្ទុក​លើ​ឡាន​យោធា​នោះ។

AFP File

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អម​ដំណើរ​ការពារ​ដោយ​អង្គរក្ស។

ថ្លែង​ទៅ​កាន់​មន្រ្តី​ជាន់​ខ្ពស់​និង​សិស្ស​និស្សិត​ជិត ១.០០០​នាក់ ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ៖ «សាំង​វា​ហៀរ ...​ម្នាក់​គ្នា​ប្រឹង​យក​សាប៊ូ​ទៅ​បិទ ហើយ​ម្នាក់​ទៀត​វា​កេះ​ដែក​កេះ រួច​ក៏​ឆាប​ឆេះ ហើយ​ឆាប​ទៅ​ប៉ះ​ឡាន​ដឹក​គ្រាប់​យក​ទៅ​ទល់​ដែន។ ដល់​ឆេះ​ឡាន​ហ្នឹង​ទៅ ក៏​ផ្ទុះ​គ្រាប់​ហ្នឹង​ទៅ។ មួយ​ឡាន​ដឹក​បាន​តែ ៣០​គ្រាប់ វា​ផ្ទុះ​អស់​២៩ ប៉ុន្តែ​អា​នេះ​អត់​បាន​បំពាក់​ក្បាល​គ្រាប់​ទេ វា​ឆេះ​តែ​ខ្លួន​ទេ បើ​បំពាក់​ទាំង​ក្បាល វា​ប្រវែង​២​ម៉ែត្រ​កន្លះ​ឯណោះ។ ខ្ញុំ​កំពុង​អង្គុយ​លេង​អុក ឮ​សូរ​ភឹង​ទៅ ឃើញ​នៅ​ខាង​ក្រោយ ឆ្ងល់​ថា វា​ស្អី​វា ដល់​ភឹង​ទី​២ ភឹង​ទី​៣ ភឹង​ទី​៤ ក៏​អង្គរក្ស​ថា សូម​ឲ្យ​ចូល​ក្នុង​ទៅ​ពូ ហើយ​ក៏​ចូល​ទៅ។ វា​គ្មាន​ទៅ​ស្អី​វា។ ប៉ុន្តែ​វា​ហោះ​កាត់​ដំបូល​ផ្ទះ អា​គ្រាប់​មួយ​នោះ​ហោះ​កាត់​មុខ​ផ្ទះ​ទៅ​ដាច់​ក​ដើម​ដូង​នៅ​ផ្ទះ ឯម សំអាន អា​មួយ​បុក​ចូល​ក្នុង​ដី​ជម្រៅ ៥​ម៉ែត្រ​ទៅ​ក្នុង​ដី»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​សុំ​អភ័យ​ទោស​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅ​ក្នុង​តំបន់​ដែល​មាន​គ្រាប់​ផ្ទុះ​ថា ៖«ម៉ោង ៧​កន្លះ​រហូត​ដល់​ម៉ោង ៩ ប្រហែល​ជា​មាន​អ្នក​ខ្លះ​សង្ស័យ​ថា ហ៊ុន សែន ងាប់​ហើយ ពួក​ស្អប់​ខ្ញុំ​វា​អរ​ថា អា​ហ្នឹង​ងាប់​ហើយ បើ​មិន​ងាប់​ទេ ក៏​វា​ខ្ទេច​ខ្ទាំ​ដែរ​នៅ​តំបន់​ហ្នុង រីឯ​អ្នក​ដែល​ស្រឡាញ់​រាប់​អាន​ខ្ញុំ​គេ​ព្រួយ​បារម្ភ​ពី​ជោគ​វាសនា​របស់​ខ្ញុំ ខ្លះ​ក៏​ទូរស័ព្ទ​ទៅ ខ្លះ​ក៏​ទៅ​ដល់​ទៅ។ សូម​អភ័យ​ទោស​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​តា​ខ្មៅ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច»

លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គ្រាប់​និង​រថយន្ត​យោធា​នោះ​មាន​គោលដៅ​ចេញ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​ខែត្រ​ព្រះ​វិហារ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​កង​ទ័ព​ថៃ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចេញ​ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ការ​ផ្ទុះ​គ្រាប់​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង ១៩ និង ៣០​នាទី​យប់ នៅ​ក្បែរ​បន្ទាយ​ទួល​ក្រសាំង ខែត្រ​កណ្តាល មាន​ឆេះ​រថយន្ត​យោធា​មួយ​គ្រឿង បណ្តាល​ឲ្យ​មាន​ការ​ឆេះ​គ្រាប់​មួយ​ចំនួន​លើ​រថយន្ត​នោះ។ អ្នក​បើក​បរ​ម្នាក់​និង​អ្នក​ជំនួយការ​បើកបរ​ម្នាក់​នៃ​រថយន្ត​នោះ ត្រូវ​របួស​ទាំង​ពីរ​នាក់ ក្នុង​នោះ​មាន​ម្នាក់​របួស​ជា​ទំងន់។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ចាត់​ទុក​ថា ឧបទ្ទវហេតុ​នោះ​គួរ​ឲ្យ​សោក​ស្តាយ៕

No comments: