វៀតណាម-កម្ពុជា សហការ​គំរាម​ខ្មែរ​ក្រោម

2011-02-19
ការ​រើសអើង​មក​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​នៅ​ឡើយ ថ្វីបើ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​គឺ​ជា​ប្រជា​ជន​ខ្មែរ​ក៏​ដោយ។
Photo courtesy of preynokornews.blogspot.com
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧
ប្រភព​ពី​អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គេ​ពុំ​ទាន់​ឃើញ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ណា​ម្នាក់ ដែល​បាន​ភៀស​ខ្លួន​ពី​កម្ពុជា​ក្រោម ឡើង​មក​សុំ​ជ្រក​កោន​នៅ​កម្ពុជា​ទៀត​ឡើយ ចាប់​ពី​ចុង​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០១១ នេះ។
ព្រះ​តេជ​គុណ ចាន់ សូផាត ប្រធាន​សាមណៈ​សិស្ស និង​និស្សិត​ខ្មែរ​ក្រោម មាន​ព្រះ​ថេរៈ​ដីកា​ថា ថ្វីបើ​ស្ថាន​ភាព​អ្នក​រត់​ភៀស​ខ្លួន​ខ្មែរ​ក្រោម ហាក់​ដូច​ស្ងប់​ស្ងាត់ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ស្ថានភាព​នៅ​កម្ពុជា​ក្រោម​នោះ ធូរ​ស្បើយ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ការ​ផ្អាក​ការ​រត់​គេច​ដោយ​សារ​តែ​បញ្ហា​គំនាប​នៅ​កម្ពុជា​ ក្រោម និង​បញ្ហា​លំបាក​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​រើសអើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន ៖ "គេ​មាន​វិធី​សាស្ត្រ​ច្រើន​នៅ​ខាង​ក្រោម​នោះ ដោយ​គេ​លួង​លោម និង​គំរាម​កំហែង​នៅ​កន្លែង ដែល​គេ​អាច​ធ្វើ​បាន"
មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​រយៈ​ទូរស័ព្ទ​ពី​ទឹក​ដី​ កម្ពុជា​ក្រោម ឬ​ហៅ​ថា​វៀតណាម​ភាគ​ខាង​ត្បូង អ្នក​ស្រី នាង ហាន អាយុ​៤៥​ឆ្នាំ បាន​រៀប​រាប់​ថា ការ​តវ៉ា​រឿង​ដីធ្លី និង​ការ​តវ៉ា​នានា​ផ្សេង​ទៀត របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​ទីនោះ ពុំ​សូវ​មាន​ទៀត​ឡើយ ក្រោយ​ពី​មនុស្ស​ជា​ច្រើន ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ និង​ក្រោយ​ពី​មាន​ការ​ដោះ​ស្រាយ​ជា​ថ្នូរ​បន្តិច​បន្តួច ក្រោយ​ពី​ការ​តវ៉ា​នោះ។
អ្នក​ស្រី​បន្ថែម​ថា ក្រុម​អ្នក​ប្រឆាំង​និង​អាជ្ញាធរ​វៀតណាម​ជា​ច្រើន​នាក់ សុខ​ចិត្ត​នៅ​ស្ងៀម បើ​ទោះ​បី​ជា​ពួក​គេ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ចំពោះ​ដំណោះ​ស្រាយ​ក្តី ដោយ​មិន​ហ៊ាន​ឡើង​មក​កាន់​ប្រទេស​កម្ពុជា​ដូច​មុន​ឡើយ ក្រោយ​ពី​អ្នក​រត់​ភៀស​ខ្លួន​មុនៗ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​កាន់​ភូមិ​កំណើត​វិញ ដែល​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ទៅ​ដល់​ភូមិ​កំណើត ៖ "គំរាម​កំហែង​អី ក៏​ដូច​ជា​មិន​ថា​គំរាម​កំហែង ពី​ព្រោះ​ថា​ចូល​ទៅ​ស្រុក​ខ្មែរ ខ្លាច​គេ​ចាប់​គេ​ចង​ទៀត ចូល​ស្រុក​មិន​បាន ដូច​ជា ពូ ហេន អ៊ីចឹង មាន​លិខិត UNHCR មក​ស្រួល​បួល​ហើយ មក​គេ​ធ្វើ​បាប​ទៀត"
គិត​មក​ដល់​ពេល​នេះ របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​បាន​អះ​អាង​ថា មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៨​ម៉ឺន ៦​ពាន់​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ហូរ​ចូល​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​មក​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​ការ​ឡើង​មក​ធ្វើ​ជំនួញ ការ​ឡើង​មក​សិក្សា​រៀន​សូត្រ និង​ការ​រត់​គេច ក្រោយ​ពី​មាន​បញ្ហា​ជា​មួយ​អាជ្ញាធរ​វៀតណាម។
ប្រភព​ពី​សម្ព័ន្ធ​សាមណៈ​សិស្ស និស្សិត​ខ្មែរ​ក្រោម​បាន​អះ​អាង​ថា ការ​រើសអើង​មក​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រទេស​កម្ពុជា នៅ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ដូច​ជា​ការ​ប្រឈម​មុខ​និង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម ជួប​នូវ​បញ្ហា​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​បញ្ហា​គាប​សង្កត់​ផ្សេង​ទៀត​ក្នុង​សង្គម ៖ "គេ​មក​ដល់​ប្រជា​ពល​រដ្ឋ ​ខ្មែរ​ជា​ខ្មែរ ប៉ុន្តែ​បើ​និយាយ​តាម​ផ្លូវ​ច្បាប់។ វា​មាន​កត្តា​ច្រើន ដែល​វា​ប្រឈម​មុខ និង​បញ្ហា​ពិសេស​គឺ រឿង​ក្រដាស​ស្នាម បើ​និយាយ​ពី​ធម្មតា​អត់​អី​ទេ ប៉ុន្តែ​បើ​ត្រូវ​ការ​ក្រដាស​ស្នាម​បញ្ជាក់"
ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​សហ​រដ្ឋ​អាមេរិក លោក ថាច់ ង៉ុក​ថាច់ ថ្លែង​ថា អាជ្ញាធរ​ខ្មែរ​មិន​បាន​ការពារ និង​យក​ចិត្ត​ទុក​ដាក់​ការពារ​ចំពោះ​ពល​រដ្ឋ​ខ្មែរ​ក្រោម ដូច​អាជ្ញាធរ​វៀតណាម ដែល​បាន​យក​ចិត្ត​ទុក​ដាក់​មក​លើ​ប្រជា​ពល​រដ្ឋ​របស់​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ពន្យល់​ថា ការ​គំរាម​កំហែង គាប​សង្កត់ និង​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​អង្គការ​សមាគម​ខ្មែរ​ក្រោម អាជ្ញាធរ​បាន​លូក​ដៃ​ចូល​យ៉ាង​ជ្រៅ និង​មាន​ការ​រឹតត្បិត ប្រយ័ត្ន​ប្រយែង និង​មាន​ការ​តាម​ដាន ៖ "ជន​ជាតិ​យួន​គ្នា​គេ សឹង​តែ​រៀង​រាល់​សប្ដាហ៍ គេ​មាន​កម្មវិធី គេ​គ្រប់​មុខ​ទាំង​អស់ តាំង​ពី​សិក្សា​អប់រំ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខ្មែរ​វិញ មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម ដែល​រស់​នៅ​កម្ពុជា សឹង​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ក្រោម​នោះ​ទៅ​ទៀត យើង​មិន​ដែល​ឃើញ​អ្នក​ដឹក​នាំ​ខ្មែរ​ធំៗ យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជា​រាស្ត្រ​ខ្លួន​ឯង​នោះ​ទេ បាន​តែ​យក​រដ្ឋធម្មនុញ្ញ​២ ទៅ​៣ បន្ទាត់​មក​សូត្រ​ប៉ុណ្ណោះ"
លោក​បន្ត​ថា ការ​រស់​នៅ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ប្រៀប​ដូច​ជា​ការ​រស់​នៅ​ដោយ​គ្មាន​សេរីភាព និង​ប្រឈម​នូវ​គ្រោះ​ថ្នាក់​សម្រាប់​ជីវិត​គ្រប់​ពេល​វេលា។ នៅ​គ្រា​ដែល​អាជ្ញាធរ​ខ្មែរ​មិន​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ គិត​មក​ដល់​ពេល​នេះ គ្មាន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ណា​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​តាម​ចាប់​ខ្លួន​ត្រូវ​បាន​អង្គការ UNHCR ផ្ដល់​សិទ្ធិ​ជ្រកកោន​នោះ​ឡើយ បើ​ទោះ​បី​ជា​គេ​បាន​គេច​ខ្លួន​មក​ដល់​កម្ពុជា និង​ប្រទេស​ថៃ​ក្ដី។
ក្រសួង​មហា​ផ្ទៃ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ កុម្ភៈ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា លោក​ជាប់​រវល់។ ប៉ុន្តែ​ទាក់​ទង​និង​រឿង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​ពេល​ដែល​គាត់​ចូល​មក​ដល់​កម្ពុជា ដោយ​មិន​បាច់​ដាក់​ពាក្យ​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ​ទេ ហើយ​ក៏​ពុំ​មាន​ហេតុ​ផល​ដើម្បី​សុំ​សិទ្ធិ​ភៀស​ខ្លួន​នៅ​លើ​ទឹក​ដី​កម្ពុជា​ នោះ​ដែរ។
កាល​ពី​ខែ​មីនា​២០១០ អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ក្រុង​បាងកក បាន បដិសេធ​មិន​ទទួល​ការ​ស្នើ​សុំ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៨​នាក់ ដើម្បី​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣ ឡើយ ក្រោយ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​វៀតណាម នៅ​ក្នុង​ការ​ងើប​ប្រឆាំង​តវ៉ា​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​គេ​រឹបអូស​យក។
លោក ចៅ ហេន ដែល​ជា​តំណាង​អ្នក​តវ៉ា បាន​ត្រឡប់​ទៅ​រស់​នៅ​ភូមិ​កំណើត​របស់​លោក​វិញ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ប៉ុន្តែ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​លោក​ បាន​ទៅ​ដល់​ស្រុក​កំណើត៕

No comments: