សិស្ស​ខ្មែរ​សុរិន្ទ​បោះ​ជំរំ​រៀន​ភាសា​ខ្មែរ

Photo courtesy of chanroeun.wordpress.com
កុមារី​ខ្មែរ​សុរិន្ទ​រៀន​អក្សរ​ខ្មែរ​នៅ​មជ្ឈមណ្ឌល​ភាសា និង​អារ្យធម៌​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ


2010-12-27
កាល​ពី​ពេល​ថ្មីៗ នេះ មន្ត្រី​អប់រំ​ខេត្ត​សុរិន្ទ បាន​ដឹក​នាំ​ការ​បោះ​ជំរំ​សិស្ស​សាលា​មួយ​នៅ​ក្បែរ​ព្រំដែន​ខ្មែរ។
អក្សរ និង​ភាសា​ខ្មែរ ជា​វិញ្ញាសា​សិក្សា​មួយ ដែល​មាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ខេត្ត​បី ដូច​ជា​ខេត្ត​សុរិន្ទ បុរីរ៉័ម និង​ស៊ី​សា​កេត។ ក្រៅ​ពី​ការ​អប់រំ​ក្នុង​សាលា ក៏​មាន​ការ​បង្រៀន​តាម​បែប​ថ្នាក់​អក្ខរកម្ម​នៅ​ក្រៅ​សាលា​ផង​ដែរ។
ចាងហ្វាង​សាលា​រៀន​ឈ្មោះ ប្រាសាទ​វិទ្យ៉ា​ខាន ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន និង​សិស្ស​ថៃ​កម្រិត​មធ្យម​សិក្សា​ចំនួន ៤០០​នាក់ បាន​នាំ​គ្នា​បោះ​ជំរំ​សិក្សា​ភាសា​ខ្មែរ​មួយ នៅ​ព្រៃ​ភ្នំ​សាលា​ជួរ​ភ្នំ​ដងរែក ក្បែរ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។
លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ថា ការ​បោះ​ជំរំ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១០ គឺ​ក្នុង​គោល​បំណង​ជំរុញ​ការ​អប់រំ​អំពី​ភាសា និង​អារ្យធម៌​ខ្មែរ ដល់​សិស្ស​សាលា ដើម្បី​ភាព​សុខ​សាន្ត​រវាង​ប្រជា​ជាតិ​ជិត​ខាង​ទាំង​ពីរ ៖ "យើង ​បាន​នាំ​សិស្ស​យើង​មក​រៀន​អារ្យធម៌​ខ្មែរ អក្សរ​ខ្មែរ បាន​យើង​ធ្វើ​ការ​រក​ស៊ី​ខាង​ខ្មែរ និង​ថៃ ទាក់​ទង​គ្នា​ឱ្យ​ល្អ​ជុំ​គ្នា។ រួម​ទាំង​អស់ ៤០០​ជាង។ កូន​សិស្ស ៣៥០​នាក់ គ្រូ ៦០​នាក់។ មក​ពី ២៤​សាលា និង ៣​ខេត្ត គឺ​ខេត្ត​ស៊ី​សា​កេត សុរិន្ទ និង​ប៊ុរីរ៉័ម ខេត្ត​ដែល​ជាប់​នឹង​បង​ប្អូន​យើង​ខាង​ណេះ។ ព្រំដែន​ជាប់​គ្នា"
ប្រធាន​មជ្ឈ​មណ្ឌល​ភាសា និង​វប្បធម៌​ខ្មែរ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា បញ្ជាក់​ថា ការ​បោះ​ជំរំ​សិក្សា​នេះ គេ​ឱ្យ​ឈ្មោះ​ថា "ជំរំ​អារ្យធម៌​ខ្មែរ"។ លោក ប៊ុន​រឿង ថ្លែង​បន្ត​ថា "ជំរំ​អារ្យធម៌​ខ្មែរ" នោះ គេ​បែង​ចែក​ចំនួន ១៥​ជំរំ​តូច​ៗ ដើម្បី​បង្រៀន​ភាសា​ខ្មែរ​ទៅ​តាម​ប្រធាន​បទ​ផ្សេងៗ គ្នា ៖ "ការ​រៀន​ សូត្រ​ដែល​យើង​រៀបចំ​នោះ គឺ​មាន ១៥​កន្លែង ហើយ​ទាក់​ទង​រឿង​ភាសា​ខ្មែរ​ទាំង​អស់ ដូច​ជា​ថា ជំរំ​ទី​មួយ ទាក់​ទង​រាង​កាយ ដូច​ជា​ថា​ក្នុង​រាង​កាយ​មាន​អី​ខ្លះ? មាន​ដៃ ជើង មាន​អី​ទាំង​អស់​នោះ​ឱ្យ​សិស្ស​បាន​ដឹង"

លោក ប៊ុន​រឿង គុ​ជៈ​ម៉ា មាន​ប្រសាសន៍​ទៀត​ថា នៅ​ក្នុង​ការ​បង្រៀន​ភាសា​ខ្មែរ​នេះ គឺ​បាន​ចាប់​ផ្តើម​បង្រៀន​ពី​ពាក្យ​សំខាន់ៗ ដែល​ត្រូវ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ទាំង​នៅ​ក្នុង​រង្វង់​គ្រួសារ និង​សហគមន៍ ជា​ពិសេស​ពាក្យ​សំគាល់​សមាជិក​គ្រួសារ។ លោក ប៊ុន​រឿន លើក​ពន្យល់​បន្ថែម ៖ "ទី​២ ទាក់​ទង​នឹង​គ្រួសារ ម៉ែ​ឪ មីង​មា បង​ប្អូន ចាស់ទុំ ដូន​តា​ជា​ដើម។ កូន​ក្មួយ ម៉ែ​ក្មេក ឪ​ក្មេក ជា​ដើម ហើយ​យើង​មាន​ការ​អធិប្បាយ​ពាក្យ​និមួយៗ ឱ្យ​ជ្រះ​ស្រឡះ ឱ្យ​សិស្ស​បាន​ដឹង​ផង។ ឯកសារ​នោះ​យើង​សរសេរ​ទាំង​ភាសា​ថៃ ទាំង​ភាសា​ខ្មែរ ហើយ​វិធី​អាន​ជា​ភាសា​ថៃ​ផង"
សិស្ស​សាលា​ថ្នាក់​ទី​១០ មួយ​រូប មក​ពី​សាលា​រៀន​គោក​ខ័ណ្ឌ ខេត្ត​ស៊ី​សា​កេត ឈ្មោះ ភូណៃ វីឡា បញ្ចេញ​មតិ​របស់​ខ្លួន​ថា ការ​រៀន​អក្សរ​ខ្មែរ​នេះ ប្អូន​បាន​ចេះ​ដឹង​អំពី​ភាសា អក្សរ និង​អារ្យធម៌​ខ្មែរ ព្រម​ទាំង​សិល្បៈ ដូច​មាន​នៅ​ប្រាសាទ​តា​មាន់​ជា​ដើម ៖ "ក្នុង ​អប់រំ​អារ្យធម៌ ភាសា​ខ្មែរ ខ្ញុំ​ចេះ​សរសេរ​អក្សរ​ខ្មែរ​បាន​ដូច​ជា ភ្នែក មាត់ សក់ ហើយ​ភាសា ដូច​ជា ម៉ែ ម្ដាយ ឪពុក បង​ប្រុស បង​ស្រី ប្តី ប្រពន្ធ។ មិន​សូវ​យ៉ាប់​ទេ​បាទ"
លោក ប៊ុន​រឿង គុជ​ម៉ា ថ្លែង​ថា ការ​បង្រៀន​អក្ខរកម្ម​នៅ​ក្នុង​ការ​បោះ​ជំរំ​ឈ្មោះ "អារ្យធម៌​ខ្មែរ" នេះ មាន​ទាំង​គ្រូ​ទៅ​ពី​ស្រុក​ខ្មែរ​ផង និង​គ្រូ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ផង។
នាយក​រង​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​សៀមរាប​មួយ​រូប ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ នៅ​ក្នុង​ការ​បោះ​ជំរំ​សិក្សា​នោះ​ដែរ លោក អន ឈុត បាន​លើក​ឡើង​ថា ទាំង​គ្រូ និង​សិស្ស​មាន​ឆន្ទៈ​ចង់​ចេះ​អក្សរ​ខ្មែរ ៖ "ទាំង​គ្រូ និង​សិស្ស ដែល​គាត់​អញ្ជើញ​មក​ចូល​រួម​ហ្នឹង គឺ​មាន​ការ​ឆាប់​ទទួល​បាន​នូវ​ចំណេះ​ដឹង ដែល​យើង​ផ្ដល់​ទៅ​ឱ្យ​គាត់ ទាំង​ការ​និយាយ ទាំង​ការ​សរសេរ។ ក៏​ប៉ុន្តែ ការ​សរសេរ​នៅ​មិន​ទាន់​បាន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ"
យុវ​សិស្ស​មក​ពី​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ ឈ្មោះ ចន ម៉ៃ​សំ​រ៉ាន ថ្លែង​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ការ​បោះ​ជំរំ​អប់រំ​ភាសា​ខ្មែរ ធ្វើ​ឱ្យ​ប្អូន​បាន​ចេះ​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន ដូច​ជា​គ្រឿង​ប្រើ​ប្រាស់​ផ្ទះ​បាយ បន្លែ និង​ផ្លែ​ឈើ ៖ "គ្រឿងគ្រៅ​ដូច​ ជា​មាន​ឆ្នាំង វែក​ឆា ជ្រុញ ស្លាប​ព្រា។ ខាង​ផ្លែ​ឈើ​មាន​ចេក ដូង ស្វាយ។ ខាង​អន្លក់ គឺ​មាន​ត្រសក់ ត្រប់ ប៉េង​ប៉ោះ ជា​ដើម"
យុវ​សិស្ស​ម្នាក់​ទៀត​មក​ពី​ខេត្ត​ប៊ុរីរ៉័ម ឈ្មោះ វីឡៃផន រៀប​រ៉យ រៀប​រាប់​អំពី​ឈ្មោះ​រាង​កាយ​ថា ៖ "ដៃ ជើង ច្រមុះ ភ្នែក មាត់"
ចាងហ្វាង​សាលា​រៀន​ប្រាសាទ​វិទ្យ៉ា​ខាន ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា ខាង​មជ្ឈ​មណ្ឌល​ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ជា​មួយ​សាលា​រៀន​ សម្ដេច​ឪ នៅ​ខេត្ត​សៀមរាប ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​ខ្មែរ​នេះ។ លោក​បន្ត​ថា នៅ​ពេល​អនាគត លោក​មាន​គម្រោង​ផ្លាស់​ប្ដូរ​គ្រូ និង​សិស្ស​រវាង​ប្រទេស​ទាំង​ពីរ ៖ "បើ​ថា​ស្រុក​ស្រែ​យើង​ស្រួល​បួល ទាក់​ទង​គ្នា​បាន យើង​ចង់​ឱ្យ​គ្រូ​ខាង​ខ្មែរ​មក​បង្រៀន​ខាង​ថៃ គ្រូ​ខាង​ថៃ​ចុះ​ទៅ​បង្រៀន​ភាសា​ថៃ​នៅ​ខាង​ខ្មែរ។ តទៅ​មុខ​យើង​ចង់​ប្ដូរ​យ៉ាង​អ៊ី​ចេះ ព្រោះ​អី​យើង​ចង់​ឱ្យ​កើត​ជា​បង​ប្អូន​គ្នា ស្គាល់​គ្នា​ឱ្យ​បាន​ជួប​គ្នា បាន​សួរ បាន​និយាយ​គ្នា​ឱ្យ​ឃើញ​អារ្យធម៌​ពី​ដើម​ជុំ​គ្នា"

No comments: