កម្ពុជា កំពុង​ពង្រីក​បណ្តាញ​អគ្គិសនី នៅ​ទូទាំង​ប្រទេស

ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 11/01/2010

គណៈរដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទើប​តែ​បាន​អនុម័ត​នូវ​គម្រោង​វិនិយោគ ដែល​​មាន​ទឹក​ប្រាក់​សរុប ១០៧,៦ លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អនុស្ថានីយ៍ និង ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​កំពង់ចាម ប្រវែង ១១០ គីឡូ​ម៉ែត្រ។

គម្រោង​វិនិយោគ​ថ្មី​នេះ ស្ថិត​ក្នុង​គម្រោង​នៃ​ការ​អភិវឌ្ឍន៍​អនុស្ថានីយ៍ និង ខ្សែ​បណ្តាញ​មេ​តង់ស្យុល ឆ្ពោះ​ទៅ​កាន់​តំបន់​ភូមិ​ភាគ​ឦសាន ក្នុង​ជំហាន​ទី​៣ នៃ​ផែន​ការអភិវឌ្ឍន៍​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា។ កម្ពុជា ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ អគ្គិសនី​ត្រូវ​តែ​មាន​ដល់​ទី​ជនបទ ទូទាំង​​ប្រទេស។

អនុស្ថានីយ៍ និង ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​កំពង់ចាម (រូបថត ៖ សុវណ្ណារ៉ា)

អនុស្ថានីយ៍ និង ខ្សែ បណ្តាញ បញ្ជូន អគ្គិសនី ពី ភ្នំពេញ ទៅ កាន់ ខេត្ត កំពង់ចាម (រូបថត ៖ សុវណ្ណារ៉ា)

គម្រោង​វិនិយោគ​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ពី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ចាម ប្រវែង ១១០ គីឡូម៉ែត្រ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត យល់ព្រម​កាល​ពី​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​មុន។ គម្រោង​វិនិយោគ​នេះ ធ្វើ​ឡើង​​​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ត្រូវ​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​ថាមពល​​អគ្គិសនី​កម្លាំង ២៣០ គីឡូវ៉ុល ព្រម​ទាំង​សាងសង់​អនុស្ថានីយ៍​២។ ១-នៅ​ភ្នំពេញ និង​អនុស្ថានីយ៍​មួយទៀត នៅ​ខេត្ត​កំពង់ចាម។ ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​នេះ សម្រាប់​​​​បែងចែក​ថាមពល ពី​គម្រោង​វារី​អគ្គិសនី ដែល​កំពុង​តែ​សាងសង់ នៅ​ខេត្ត​ពោធិសាត់ និង ខេត្ត​កោះកុង។ វារីអគ្គិសនី​នេះ នឹង​ត្រូវ​ត​ភ្ជាប់​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​បញ្ជូន​បន្ត តាម​ខ្សែ​បណ្តាញ ដែល​រដ្ឋាភិបាល​ទើប​អនុម័ត​នេះ ទៅ​កាន់​ខេត្ត​កំពង់ចាម និង ខេត្ត​ភាគ​ឦសាន ជាប់​ព្រំដែន​វៀតណាម និង ខេត្ត​ព្រំដែន​ប្រទេស​ឡាវ ដូចជា ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ក្រចេះ និង ខេត្ត​កំពង់ចាម។

គម្រោង​ចែក​ចាយ​អគ្គិសនី នៅ​ទូទាំង​ប្រទេស គឺ​ជា​ផែនការ​យុទ្ធសាស្ត្រ​ដ៏​វែង​ឆ្ងាយ សម្រាប់​​ការអភិវឌ្ឍន៍​ប្រទេស។ នោះ​គឺ រដ្ឋាភិបាល​កំណត់​ថា ការ​ភ្ជាប់​បណ្តាញ​ខ្សែ​បញ្ជួន​​អគ្គិសនី ឲ្យ​ដូចជា​ផ្លូវថ្នល់ ដែល​ប្រទាក់ក្រឡា​គ្នា។ ពោល​គឺ​ត​ភ្ជាប់​ខ្សែ​បណ្តាញ ពី​វារី​អគ្គិសនី មាន​ជា​អាទិ៍ នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស ពី​ខេត្ត​កំពត ចេញ​ពី​វារី​អគ្គិសនី​ស្ទឹង​កំចាយ​-​កម្លាំង ១៩៣ មេហ្គាវ៉ាត់ ឆ្ពោះ​ទៅ​កាន់​ខ្សែ​បណ្តាញ​មេ នៅ​ទី​រួម​ខេត្ត​តាកែវ។ ខ្សែ​បណ្តាញ​មេ​នេះ បាន​ត​ភ្ជាប់​អគ្គិសនី មកពី​ប្រទេស​​វៀតណាម តាម​ច្រក​ភ្នំ​ដិន កម្លាំង ២០០ មេហ្គាវ៉ាត់ ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ។ រដ្ឋាភិបាលក៏ បាន​រៀបចំ​ត​ភ្ជាប់ តាម​តំបន់​ឆ្នេរ​សមុទ្រ ពី​កំពត ទៅ​កាន់​ក្រុង​ព្រះសីហនុ។ ក្រុង​ព្រះ​សីហនុ ដែល​កំពុង​សាងសង់​រោងចក្រ​អគ្គិសនី​កម្លាំង ២០០ មេហ្គាវ៉ាត់ ដោយ​ប្រើ​ប្រាស់​ធ្យូងថ្ម។ ថាមពល​អគ្គិសនី ដោយ​ប្រើ​ប្រាស់​ធ្យូងថ្ម នៅ​កំពង់សោម​នេះ ក៏​នឹង​ត្រូវ​ត​ភ្ជាប់​ខ្សែ​បញ្ជូន តាម​ផ្លូវជាតិ​លេខ ៤ មក​កាន់​វារីអគ្គិសនី​គិរីរម្យ។ វារី​អគ្គិសនី​គិរីរម្យ បាន​តភ្ជាប់​ខ្សែ​បណ្តាញ​រួច​ហើយ មក​កាន់​ក្រុង​ភ្នំពេញ។ ចំណែក​នៅ​ភាគ​ពាយ័ព្យ ខេត្ត​ជាប់​បឹង​ទន្លេ​សាប​ឯណោះ​វិញ វារីអគ្គិសនី​ធំៗ​ចំនួន ៤ ក្នុង​ខេត្ត​ពោធិសាត់ មាន​កម្លាំង​សរុប​ជាង ៩០០ មេហ្គាវ៉ាត់​-​វិនិយោគ​ដោយ​ក្រុមហ៊ុន មកពី​ប្រទេស​ចិន ក៏​កំពុង តែ​ដំណើរ​ការ​សាងសង់។ ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ពី​ខេត្ត​ពោធិសាត់ កាត់​តាម​ខេត្ត​កំពង់ឆ្នាំង ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ក៏​កំពុង​តែ​សិក្សា​សាងសង់។ វារីអគ្គិសនី នៅ​ខេត្ត​ពោធិសាត់​នេះ ក៏​នឹង​ត្រូវ​ត​ភ្ជាប់ ទៅ​កាន់​ខេត្ត​បាត់ដំបង និង ឆ្ពោះ​ទៅ​កាន់ ខេត្ត​បន្ទាយ​មានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ។ ខេត្ត​បន្ទាយមានជ័យ មាន​ខ្សែ​បណ្តាញ បញ្ជូន​អគ្គិសនី​រួច​ហើយ ទៅ​កាន់​ខេត្ត​​សៀមរាប។ វារីអគ្គសនី​នៅ​ខេត្ត​ពោធិសាត់​នេះ ក៏​នឹង​ត្រូវ​ត​ភ្ជាប់​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ទៅ​​កាន់​ខេត្ត​កោះកុង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី ដល់​រោង​ចក្រ​សហគ្រាស តំបន់​​សេដ្ឋកិច្ច​​ពិសេស និង តំបន់​អភិវឌ្ឍន៍​នានា​មួយ​ចំនួន​ទៀត។ ចំណែក​ខេត្ត​នៅ​ព្រំដែន​ឡាវ រដ្ឋាភិបាល​ក៏​កំពុង​តែ​រៀបចំ​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី មក​កាន់​ខេត្ត​ស្ទឹងត្រែង និង ក្រចេះ ដើម្បី​ត​ភ្ជាប់​នឹង​ខ្សែ​បញ្ជូន ពី​ខេត្ត​កំពង់ចាម។ នៅ​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ឯណោះ​វិញ ក៏​បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ពី​ប្រទេស​វៀតណាម រួច​រាល់​ហើយ។

ប៉ុន្តែ​បច្ចុប្បន្ន ប្រជាជន​កម្ពុជា​បាន​ចំណាយ​តម្លៃ​អគ្គិសនី​ខ្ពស់។ នេះ​ក៏ព្រោះតែ​អគ្គិសនី​ទាំង​នោះ ពឹង​ផ្អែក​តែ​លើ​ម៉ាស៊ីន​ភ្លើង​របស់​ឯកជន។ ចំណែក​បណ្តា​ខេត្ត​មួយ​ចំនួន ជាប់​ព្រំដែន​ប្រទេស​ថៃ ឡាវ និង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម បាន​ប្រើប្រាស់​ភ្លើង​អគ្គិសនី មក​​ពី​ប្រទេស​ជិត​ខាង​ទាំងនោះ។ អ៊ីចឹង​បើ​សិន​ជា​ប្រទេស​ជិត​ខាង មិន​សប្បាយ​ចិត្ត នោះ​ប្រជាជន​កម្ពុជា នឹង​ជួប​ការលំបាក។ ផ្ទុយ​ទៅ​វិញ នៅ​ពេល ដែល​វារី​អគ្គិសនី​​ស្ទឹង​កំចាយ ខេត្តកំពត វារីអគ្គិសនី​នៅ​ខេត្ត​ពោធិសាត់ និង វារីអគ្គសនី​នៅ​ខេត្ត​ភាគ​ឦសាន ក្នុង​ខេត្ត​រតនៈគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង ដែល​សព្វថ្ងៃ កំពុង​តែ​ដំណើរ​ការ​សាងសង់ គឺ​នៅ​ពេល​បញ្ចប់​គម្រោង​ទាំងនេះ នាំ​ឲ្យ​ប្រទេស​កម្ពុជា មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​គ្រប់​គ្រាន់ ទាំង​នៅ​ទី​ប្រជុំជន និង ទាំង​នៅ​តំបន់​ជនបទ ដាច់​ស្រយាល។ ក៏​ប៉ុន្តែ​គម្រោង​នេះ អាច​នឹង​សម្រេច​ទៅ​បាន ទាល់​តែ​ដល់​ឆ្នាំ​២០២០ ឯណោះ។

ប្រព័ន្ធ​វារី​អគ្គីសនី​ភ្នំកំចាយ (រូបថត ៖ សុវណ្ណារ៉ា)

ប្រព័ន្ធ វារី អគ្គីសនី ភ្នំកំចាយ (រូបថត ៖ សុវណ្ណារ៉ា)

ផ្លូវ និង ភ្លើង គឺ​ជា​ឆ្អឹងខ្នង សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស។ រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​​ដូច្នេះ។ នៅ​ទូទាំង​ប្រទេស ត្រូវ​មាន​ខ្សែ​បណ្តាញ បញ្ជូន​អគ្គិសនី-ត​ភ្ជាប់​គ្នា ដោយ​មិន​អាច​ខ្វះ​បាន។ ដើម្បី​កាត់​បន្ថយ​​ការពឹងពាក់​លើ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។ សព្វថ្ងៃ កម្ពុជា ប្រើប្រាស់​ប្រេង ស្ទើរ​តែ​ទាំង​អស់ ដើម្បី​ផលិត​អគ្គិសនី។ ដូច្នេះ នៅ​ពេល​ប្រេង​ឡើង​ថ្លៃ នាំ​ឲ្យ​អគ្គិសនី​ត្រូវ​ឡើង​​​ថ្លៃ​ខ្ពស់​ដែរ។ ក៏​ប៉ុន្តែ​សម្រាប់​នៅ​ភ្នំពេញ រដ្ឋាភិបាល បាន​បំពេញ​ខាត ចំនួន ២០ លាន​​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ដើម្បី​កុំ​ឲ្យ​ភ្លើង​ឡើង​ថ្លៃ។ ម្យ៉ាងទៀត​ នៅ​ពេល​​ដែល​វារី​អគ្គិសនី​ស្ទឹង​កំចាយ ខេត្តកំពត វារីអគ្គិសនី​ខេត្ត​ពោធិសាត់ និង វារីអគ្គិសនី​​នៅ​ខេត្ត​ភាគ​ឦសាន ត្រូវ​បាន​សាង​សង់​រួច​រាល់-​នា​ពេល​ខាង​មុខ តម្លៃ​ភ្លើង​អគ្គិសនី​នៅ​ទូទាំង​ប្រទេស នឹង​ត្រូវ​ចុះ​ថោក ជាង​សព្វ​ថ្ងៃ។ សព្វថ្ងៃ ភ្លើង​អគ្គិសនី នៅ​ភ្នំពេញ តម្លៃ ១៧ សេន ក្នុង១ គីឡូវ៉ាត់​ម៉ោង តែ​នៅ​ពេល​ភ្លើង​អគ្គិសនី បាន​មក​ពី​វារីអគ្គិសនី​នោះ ភ្លើង​នឹង​មាន​តម្លៃ​ត្រឹម​តែ ១០ សេន ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ប៉ុណ្ណោះ។ ដូចគ្នានេះ​ដែរ ការ​ពង្រីក និង រៀបចំ​ខ្សែ​បណ្តាញ តាម​រយៈ​វារីអគ្គិសនី​នៅ​កម្ពុជា​ពេល​នេះ ក៏​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង​ដែរ៕


No comments: