ពលរដ្ឋ​នៅ​កោះកុង​បារម្ភ​ពី​ការ​អស់​​ត្រី​ដោយសារ​ការ​បូម​ខ្សាច់

2010-01-03

ប្រជា​នេសាទ​ជាង​១.០០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​អន្តរាយ​មច្ឆា​ជាតិ ដោយសារ​ការ​បូម​ខ្សាច់​បណ្ដាល​ឲ្យ​ទឹក​ល្អក់​និង​មាន​ការ​បង្ហូរ​ប្រេង​ចូល​ក្នុង​ទឹក​សមុទ្រ។

RFA/Uon Chhin

១១-០៧-០៩: កន្លែង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅ​ដៃ​សមុទ្រ​ព្រែក​កោះ​ប៉ោ ក្នុង​ខេត្ត​កោះកុង។

គ្រួសារ​អ្នក​នេសាទ​ចំនួន​ជាង​១.០០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង បាន​អះអាង​ថា ពួកគាត់​មិន​អាច​នេសាទ​ត្រី​បាន​ទេ​នា​ពេល​នេះ ដោយសារ​តែ​កប៉ាល់​និង​សាទ្បង់​ធំៗ​ជា​ច្រើន​គ្រឿង​កំពុង​តែ​ការ​បូម​ខ្សាច់​ទាំង​យប់​ទាំង​ថៃ្ង​នៅ​ខេត្ត​កោះកុង បណ្តាល​ឲ្យ​ទឹក​ស្អុយ​និង​បាន​បង្ហូរ​ប្រេង​ចូល​ក្នុង​ទឹក​សមុទ្រ។

គ្រួសារ​អ្នក​នេសាទ​នៅ​ក្នុង​ចំណោម​គ្រួសារ​រង​គ្រោះ​ជាង​១.០០០​គ្រួសារ​នៅ​ក្នុង​សង្កាត់​ដងទុង ស្រុក​ខ្សាច់មានជ័យ ខេត្ត​កោះកុង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​សៅរ៍ ទី​២ ខែ​មករា ឆ្នាំ​២០១០​នេះ​ថា ស្ថានការណ៍​នេសាទ​កាន់​តែ​ដុនដាប​ទៅៗ​នៅ​ពេល​នេះ។

ពលរដ្ឋ​អ្នក​នេសាទ​នៅ​កោះកុង​បាន​ថ្លែង​ដូច្នេះ ៖ «កប៉ាល់​វា​បូម​ដី​បណ្ដាល​ឲ្យ​ល្អក់​ទឹក មច្ឆា​សមុទ្រ​វា​រត់​ឆ្ងាយ រត់​ចេញ​ទៅ​ក្រៅ ហើយ​ណា​មួយ​ក្ដាម​ខ្យង​ក្នុង​ព្រែក​វា​អត់​មាន​ជម្រក​នៅ ដាក់​លប ដាក់​ក្ដាម​ក្នុង​ព្រែក​វា​អត់​មាន ស្លាប​ចាក់​វា​ធំៗ​ពេក វា​រត់​ល្អក់​ទឹក​ពេញ​ណា​ពេញ​ណី​អស់​ហើយ»

សុខ សេរី ៖ ឮ​ថា​មាន​ការ​បង្ហូរ​ប្រេង តើ​រឿង​នេះ​ពិត​ឬ​ទេ?ពលរដ្ឋ ៖ បង្ហូរ​ប្រេង​ពេញ​មាត់​សមុទ្រ​ហ្នឹង ពី​ក្នុង​ព្រែក​ទៅ។ ទឹក​នាច​ហូរ​ទៅ​ក្រៅ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កប៉ាល់​និង​សាទ្បង់​ធំៗ​ចំនួន​៦០​គ្រឿង​កំពុង​តែ​បូម​ខ្សាច់​ពី​បាត​សមុទ្រ​នៅ​ក្នុង​ខេត្ត​កោះកុង​នោះ​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ។

គ្រួសារ​អ្នក​នេសាទ​ចំនួន​ជាង​១.០០០​គ្រួសារ​បាន​ងើប​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​កោះកុង សុំ​ឲ្យ​បណ្តេញ​កប៉ាល់​និង​សាទ្បង់​បូម​ខ្សាច់​នោះ​ចេញ​កាល​ពី​ខែ​តុលា​និង​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ទ្បើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​ណា​មួយ​នៅ​ទ្បើយ​ទេ​អំពី​ការ​ដោះសា្រយ​តាម​សំណើ​របស់​គ្រួសារ​អ្នក​នេសាទ​ទាំង​នោះ​ពី​លោក ប៊ុន ឡឺត ជា​អភិបាល​ថ្មី​នៃ​ខេត្ត​កោះកុង ជំនួស​លោក យុទ្ធ ភូថង នោះ។

លោក សេត វឌ្ឍនៈ ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា​លីកាដូ នៅ​ក្នុង​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នេសាទ​របស់​គ្រួសារ​អ្នក​នេសាទ​ទាំង​នោះ​កំពុង​តែ​ដុនដាប​យ៉ាង​ខ្លាំង។

លោក សេត វឌ្ឍនៈ មាន​ប្រសាសន៍​ដូច្នេះ ៖ «ឥឡូវ​ហ្នឹង​អត់​ទាន់​មាន​ដំណោះ​ស្រាយ​អី​ទេ។ គាត់​(ពលរដ្ឋ)​តវ៉ា​ម្ដង​ហើយ​នៅ​អភិបាល​ខេត្ត​ចាស់ ហើយ​មក​ដល់​ខែ​១១​ហ្នឹង​គាត់​តវ៉ា​ទៀត ប៉ុន្តែ​គេ​ទើប​នឹង​ឡើង​អភិបាល​ខេត្ត​ថ្មី​មក ក៏​មិន​ទាន់​មាន​ដំណោះ​ស្រាយ​អី​ទេ»

នៅ​ជុំវិញ​រឿង​ខាង​លើ​នេះ លោក លឹម គានហោ ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​តុលា កន្លង​ទៅ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​កប៉ាល់​នោះ​បូម​ខ្សាច់​នៅ​ក្នុង​ព្រែក​តែ​ប៉ុណ្ណោះ។

លោក លឹម គានហោ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សូម​បញ្ជាក់​ជូន​ថា គ្មាន​ទាន់​អនុញ្ញាត​ឲ្យ​អាជីវករ​ណា​មួយ​ធ្វើ​នៅ​ក្នុង​ផ្ទៃ​លំហ​សមុទ្រ​ទេ ធ្វើ​នៅ​តាម​ព្រែក​បាន តែ​ព្រែក​ហ្នឹង​យើង​សិក្សា​ទៀត»

មាន​ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន​១៤​ក្រុមហ៊ុន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាជ្ញាបណ្ណ័​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កំពត។

ប្រភព​ពី​គ្រួសារ​អ្នក​នេសាទ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នក​នេសាទ​ជា​ច្រើន​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​ខេត្ត​ផ្សេងៗ​និង​តំបន់​ផ្សេងៗ​ទៀត​ដើម្បី​នេសាទ​ត្រី នៅ​គ្រា​ដែល​កន្លែង​ធ្លាប់​នេសាទ​ត្រី​បាន​នោះ​មិន​មាន​ត្រី​ដូច​ពី​មុន​ទៀត៕


No comments: