តុលាការប្រកាសឲ្យបន្តឃុំភេរវជនសង្ស័យ៥នាក់
ដោយ សុខ សេរី
2009-12-30
តុលាការមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកជនសង្ស័យចំនួន ៥នាក់ថាជាភេរវជនទេ ហើយបានប្រកាសសាលក្រមឃុំខ្លួនបន្តនិងស៊ើបអង្កេតបន្ថែម។

លោក សោម ឯក ជិះក្នុងរថយន្តពេលមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថៃ្ង២០ ធ្នូ ២០០៩។
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅថៃ្ងពុធ ទី៣០ ខែធ្នូនេះ បានប្រកាសសាលក្រមបង្គាប់ឲ្យបន្តឃុំខ្លួនជនសង្ស័យចំនួន ៥នាក់ជាបន្តទៀតដោយគ្មានថៃ្ងកំណត់ក្រោមបទចោទថា បានកេណ្ឌភេរវជននៅឆ្នាំ២០០៥ និងបង្កៃគ្រឿងផ្ទុះនៅទីកន្លែងសាធារណៈកាលពីថ្ងៃទី២ ខែមករាកន្លងទៅនេះ ប៉ុន្តែតុលាការបានបញ្ជាឲ្យចាត់របៀបជាថ្មី និងស៊ើបអង្កេតបន្ថែមជុំវិញសំណុំរឿងចោទប្រកាន់នោះដោយសារនៅចន្លោះប្រហោងមួយចំនួនទៀតក្នុងការប្រមូលភស្តុតាងនិងសាក្សី។
លោក ឆាយ គង់ ជាប្រធានចៅក្រមប្រឹក្សាជម្រះក្តីនៃតុលាការរាជធានីភ្នំពេញ បានអានសាលក្រមខ្លីថា តុលាការបង្គាប់ឲ្យបន្តឃុំខ្លួនជនសង្ស័យទាំង ៥នាក់ ដោយបានចាត់របៀបជាថ្មី និងស៊ើបអង្កេតបន្ថែម។
លោក សោម ឯក ដែលរងការចោទថា ជាមេខ្លោងនៃរណសិរ្សរួបរួមជាតិនិងចលនាខ្លារំដោះ ឬកងទ័ពខេមរជាតិ ដែលគេចោទថា នៅពីក្រោយខ្នងនៃការដាក់បង្កៃគ្រាប់បែកចៃ្នកាលពីថៃ្ងទី២ ខែមករាកន្លងទៅនេះ នៅក្នុងទីក្រុងភ្នំពេញ បានថែ្លងថា លោកមិនមានកំហុសដូចការចោទប្រកាន់នោះទេ។
លោក សំ សុគង់ ជាមេធាវីរបស់លោក សោម ឯក បានមានប្រសាសន៍នៅក្រៅតុលាការក្រោយពីប្រកាសសាលក្រមនោះថា ៖ «ទាក់ទងនីតិវីធីច្បាប់សវនាការគឺថា នៅពេលតុលាការរកមិនឃើញភស្តុតាងអ៊ីចឹងតុលាការអាចចេញសាលក្រមមួយហៅថា សាលក្រមចាត់របៀបបង្វិលសំណុំរឿងហ្នឹងឲ្យចៅក្រមស៊ើបអង្កេតឡើងវិញ។ ខ្ញុំឆ្ងល់ថា រយៈពេលស៊ើបអង្កេតហ្នឹងជិតមួយឆ្នាំហើយម៉េចបានជាចៅក្រមមិនរកភស្តុតាងឲ្យគ្រប់មុនជំនុំជម្រះ?»។
លោកបានមានប្រសាសន៍ថា តាមច្បាប់តុលាការមានសិទ្ធិបន្តឃុំខ្លួនរយៈពេល១៨ខែដើម្បីស៊ើបសួរបន្ថែម បើមិនដូច្នោះទេកូនក្តីរបស់លោកនិងជនសង្ស័យដទៃទៀតត្រូវតែបានដោះលែងឲ្យមានសេរីភាពវិញ។
លោកស្រី ម៉ុក ណារី ជាភរិយារបស់ជនសង្ស័យម្នាក់ឈ្មោះ ទ្បឹក ប៊ុនញៀន ក្នុងចំណោមជនសង្ស័យសរុបចំនួន ៥នាក់បានថែ្លងថា ៖ «ខ្ញុំសំណូមពរឲ្យសម្តេច ហ៊ុន សែន ដោះលែងប្តីខ្ញុំឲ្យរួចខ្លួនមករស់នៅជួបជុំប្រពន្ធកូនវិញព្រោះថា គាត់មិនបានប្រព្រឹត្តអ្វីខុសទេ!»។
តុលាការរាជធានីភ្នំពេញបានចោទប្រកាន់ជនសង្ស័យចំនួន ៥នាក់នោះក្រោមមាត្រាទី៧៥, ៧៦ និង ៧៨ នៃច្បាប់ប្រឆាំងអំពើភេរវៈកម្ម។ ប្រភពបានឲ្យដឹងថាបើសិនណាតុលាការបានរកឃើញថា មានទោសកំហុសមែននោះ នឹងត្រូវប្រឈមមុខនឹងការជាប់គុករវាង ២០ ទៅ ៣០ឆ្នាំ។
ក្រុមអាជ្ញាធរប្រទេសកម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ មានលោក សោម ឯក, លោក ជា កឹមយ៉ាន, លោក ពៅ វណ្ណារ៉ា, លោក ភី សុវឹង និង លោក ទ្បឹក ប៊ុនញៀន កាលពីខែមករា ដើមឆ្នាំ២០០៩ កន្លងទៅនេះនៅទីកន្លែងផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាក្រោមបទសង្ស័យថា មានការពាក់ព័ន្ធនៅក្នុងសកម្មភាពកេណ្ឌកម្លាំងភេរវជនកាលពីឆ្នាំ២០០៥ និងបង្កៃគ្រាប់បែកច្នៃចំនួន ២គ្រាប់នៅទីកន្លែងសាធារណៈក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២ ខែមករា ដើមឆ្នាំ២០០៩កន្លងទៅនេះ៕
No comments:
Post a Comment