ឌុច ទទួល​ស្គាល់​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នាំ​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​នៅ​ស-​២១


ឌុច ទទួល​ស្គាល់​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នាំ​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​នៅ​ស-​២១

2009-08-12

ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ថ្លែង​គូស​បញ្ជាក់​ថា ដោយសារ​ចំណុច​៣​យ៉ាង​នៅ​ក្នុង​របៀប​នៃ​ការ​សម្រេច​ចិត្ត​របស់​គាត់ ទើប​បណ្តាល​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​លើ​មនុស្ស​ជាង ១​ម៉ឺន​នាក់ នៅ​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង នា​អំឡុង​របប​ខ្មែរ​ក្រហម។

ក្នុង​អង្គ​សវនាការ​នា​ថ្ងៃ​អង្គារ ទី​១១ ខែ​សីហា ឌុច ថ្លែង​ថា មូលហេតុ​សំខាន់​ទី​១ ដែល​នាំ​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គាត់ គឺ​បណ្តាល​មក​ពី​គាត់​មិន​ស្តាប់​តាម​គំនិត​ត្រឹម​ត្រូវ ៖ «ឧទាហរណ៍ បទ​ឧទ្ទេស​នាម​ថ្ងៃ​១៨ កុម្ភៈ ១៩៧៦ ដែល​ខ្ញុំ​យក​ពួក​អ្នក​តស៊ូ​ក្រុង​មក ហើយ​កម្ចាត់​ទស្សនៈ​ត្រឹម​ត្រូវ​របស់​គេ ដាក់​ទស្សនៈ​ឧក្រិដ្ឋ​ឲ្យ​គេ​វិញ។ ទស្សនៈ​ត្រឹម​ត្រូវ​គឺ​ស្អី? តើ​មនុស្ស​ដែល​ចាប់​មក​ខ្មាំង​មែន​ឬ​ក៏​មិន​មែន? នេះ​គឺ​ទស្សនៈ​ត្រឹម​ត្រូវ​របស់​គេ។ ចំណែក​ខ្ញុំ​យក​ទស្សនៈ​ឧក្រិដ្ឋ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ទៅ​ដាក់​ឲ្យ​គេ។ មនុស្ស​ទាំង​អស់​ណា​ដែល​បក្ស​ចាប់​មក​ហើយ ត្រូវ​ចាត់​ទុក​ជា​ខ្មាំង បើ​មិត្ត​ឯង​មិន​ចាត់​ទុក​ជា​ខ្មាំង​ទេ មិត្ត​ឯង​សួរ​ចម្លើយ​មិន​ចេញ​ទេ។ នេះ​ឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់​ធ្ងរ​បំផុត លើស​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ទទួល​ទៅ​លើ​អាយុ​ជីវិត​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ គឺ​នៅ​ត្រង់​ហ្នឹង​ធ្ងន់​ជាង​គេ»

ឌុច ថ្លែង​បន្ត​ទៀត​ថា មូលហេតុ​ទី​២ ដែល​នាំ​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​ដែរ​នោះ គឺ​ដោយសារ​តែ​គាត់​ចេញ​បញ្ជា​ឲ្យ​ចាប់​មនុស្ស ដែល​កំពុង​មាន​សេរី​ភាព​យក​ទៅ​សួរ​ចម្លើយ ៖ «មនុស្ស​នៅ​រស់ មនុស្ស​ដែល​មាន​សេរី​ភាព ខ្ញុំ​សរសេរ​ឯកសារ​ទៅ​ជូន​មេ មេ​គេ​អ្នក​សម្រេច​មែន ប៉ុន្តែ​ឯកសារ​ហ្នឹង​វា​ចេញ​ពី​ដៃ​ខ្ញុំ ដូច្នេះ​ឧក្រិដ្ឋ​កម្ម​ទៅ​លើ​មនុស្ស​ដែល​នៅ​មាន​សេរី​ភាព វា​ធ្ងន់​ជាង​ឧក្រិដ្ឋ​កម្ម​ទៅ​លើ​មនុស្ស​ដែល​គេ​សម្រេច​ចាប់​ចង​រួច​មក​ហើយ»

ចំណែក​ឯ​ចំណុច​សំខាន់​ទី​៣​ដែល​នាំ​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​នៅ​គុក​ទួលស្លែង​ដែរ​នោះ គឺ​ដោយសារ​តែ​គាត់​បញ្ជា​ឲ្យ​គេ​នាំ​យក​មនុស្ស​ទៅ​សម្លាប់​ចោល​នៅ​ទី​ពិឃាត​បឹង​ជើង​ឯក ៖ «វា​ស្ថិត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ដែល​ខ្ញុំ​គ្រប់គ្រង អ្នក​ឯង​មិន​ធ្វើ​តាម​បញ្ជា​ខ្ញុំ អ្នក​ឯង​អត់​បាន​ទេ»

យោង​តាម​ប្រសាសន៍​សាក្សី​ម្នាក់ គឺ​លោក សោម ម៉េត ជា​អតីត​យុទ្ធជន​កង​ការពារ​អ្នក​ទោស​នៅ​គុក​ទួលស្លែង បាន​ឆ្លើយ​ក្នុង​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សូម្បី​តែ​បុគ្គលិក​មួយ​ចំនួន​នៃ​គុក​ទួលស្លែង ក៏​ត្រូវ ឌុច បញ្ជា​ឲ្យ​ចាប់​ខ្លួន​និង​នាំ​យក​ទៅ​សម្លាប់​ផង​ដែរ ហើយ​ក្នុង​នោះ​ក៏​មាន​បង​ប្រុស​លោក​ផង​ដែរ។

លោក សោម ម៉េត ថ្លែង​ទៀត​ថា នៅ​ពេល​នោះ ទោះ​បី​ជា​ដឹង​អំពី​ការ​ចាប់​មនុស្ស​តាម​ខ្សែ​និង​ការ​ចាប់​មនុស្ស​ជា​ប្រព័ន្ធ​បាន​កើត​ឡើង​ក៏​ដោយ ក៏​គ្មាន​អ្នក​ហ៊ាន​តវ៉ា​និង​ហ៊ាន​រត់​គេច​ចេញ​ពី​គុក​ទួលស្លែង​នោះ​ដែរ។

លោក សោម ម៉េត ឆ្លើយ​បំភ្លឺ​យ៉ាង​ដូច្នេះ​ថា ៖ «ហើយ​ឲ្យ​ខ្ញុំ​រត់​ទៅ​ណា? បើ​ខ្ញុំ​រត់​រួច ឪពុក​ម្ដាយ​ខ្ញុំ បង​ប្អូន​នៅ​ស្រុក​ច្បាស់​ជា​ងាប់​ហើយ គ្មា​នៅ​ទេ ស្រាវជ្រាវ​ចាប់​យក​មក​ដាក់​គុក​ទាល់​តែ​អស់»

ឌុច ថ្លែង​ទទួល​ស្គាល់​ថា ការ​សម្រេច​ចិត្ត​បី​ចំណុច​របស់​គាត់​នោះ គឺ​ជា​កំហុស និង​អំពើ​ឧក្រិដ្ឋ​របស់​គាត់​លើ​មនុស្ស​ជាង ១​ម៉ឺន​នាក់​នៅ​គុក​ទួលស្លែង​ដែល​រួម​ទាំង​គ្រួសារ​របស់ សោម ម៉េត ផង​ដែរ។

ប៉ុន្តែ លោក ប៊ូ ម៉េង ជា​អតីត​ជន​រង​គ្រោះ​ម្នាក់​នៅ​គុក​ទួលស្លែង ថ្លែង​ថា បើ ឌុច ដឹង​កំហុស​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​តាំង​ពី​ពេល​នោះ ម្ល៉េះ​គ្មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ប្រទេស​កម្ពុជា​ក្នុង​គ្រា​នោះ​ឡើយ៕

No comments: