រដ្ឋាភិបាល​និង​ក្រសួង​មហាផ្ទៃ​រៀបចំ​ប្ដឹង ជា មុនី ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

2009-08-21

រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​មហាផៃ្ទ នៅ​ថៃ្ង​សុក្រ ទី​២១ ខែ​សីហា កំពុង​តែ​កសាង​សំណុំរឿង​និង​រក​មេធាវី​ប្រមូល​ភស្តុតាង​នានា​ដើម្បី​ប្តឹង លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​ញុះញង់​បំភ្លៃ​ការ​ពិត។

RFA file photo

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក ខៀវ កាញារីទ្ធ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថៃ្ង​សុក្រ ទី​២១ ខែ​សីហា ថា រដ្ឋាភិបាល​និង​ក្រសួង​មហាផៃ្ទ​កំពុង​តែ​រក​មេធាវី​របស់​រដ្ឋាភិបាល​សិក្សា​និង​កសាង​សំណុំរឿង​និង​ភស្តុតាង​នានា ដើម្បី​ប្តឹង លោក ជា មុនី ទៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​សុក្រ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

រីឯ​លោក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផៃ្ទ​រក្សា​សិទ្ធិ​ក្នុង​ការប្តឹង លោក ជា មុនី នោះ នា​ពេល​ឆាប់ៗ​នេះ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​ញុះញង់ ដោយ​បាន​ប្រើប្រាស់​តុលាការ​សាលា​ឧទ្ធរណ៍​ជា​វេទិកា​ឃោសនា​និង​បំភ្លៃ​ការ​ពិត។

ផែនការ​នៃកា​រប្តឹង លោក ជា មុនី នា​ពេល​ឆាប់ៗ​នេះ ក្រោយ​ពី​លោក ជា មុនី នោះ បាន​ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​មួយ​នៅ​ឯ​តុលាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថៃ្ង​ទី​១៧ ខែ​សីហា​កន្លង​ទៅ​នេះ ជុំវិញ​សំណុំរឿង​ឃាតកម្ម​លើ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ដែល​មាន​លោក ប៊ន សំណាង និង​លោក សុខ សំអឿន រង​ការចោទ​ប្រកាន់​ថា​ជា​ឃាតករ​នោះ។

នៅ​ក្នុង​សវនាការ​នោះ លោក ជា មុនី បាន​បដិសេធ​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន នោះ មិន​មែន​ជា​ឃាតករ​បាញ់​សម្លាប់ លោក ជា វិជ្ជា ជា​បង​ប្រុស​របស់​លោក​ទេ។ លោក​បាន​ស្រែក​យ៉ាង​ខ្លាំងៗ​ថា រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​បង​ប្រុស​របស់​លោក។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​មិន​តក់ស្លុត​ចំពោះ​ការប្តឹង​នេះ​ទេ ៖ «បើ​សិន​ជា​ក្រសួង​មហាផ្ទៃ ក៏​ដូច​ជា​រដ្ឋាភិបាល មាន​គម្រោង​នឹង​ប្ដឹង គឺ​ខ្ញុំ​ស្វាគមន៍»

លោក​បាន​បញ្ជាក់​ថា លោក​នឹង​មិន​ស្វែងរក​មេធាវី​ការពារ​ក្តី​របស់​លោក​ទេ បើ​សិន​ណា​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​មហាផៃ្ទ​ប្តឹង​លោក​មែន​នោះ គឺ​លោក​ចង់​តទល់​ក្តី​នេះ​ដោយ​ខ្លួន​ឯង។

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា នោះ​គ្រាន់តែ​ជា​សម្ដី​ចេញ​ពី​អារម្មណ៍​ក្តុកក្តួល​របស់​លោក ជា មុនី តែ​ប៉ុណ្ណោះ។

លោក អំ សំអាត បាន​បញ្ជាក់​ថា ៖ «វា​ក៏​អាច​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​សាធារណ​មតិ​បាន​មាន​ការយល់​ច្រឡំ​ថា វា​ជា​រឿង​មួយ​ដែល​បំបិទ​សិទ្ធិ​សេរីភាព​ឬ​ក៏​ស្អី​ក្នុង​ការបញ្ចេញ​មតិ​ទៅ​វិញ»

លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា បាន​រៀបរាប់​ថា​ជា​ឃាតករ​សិប្បនិម្មិត​នោះ ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​កាល​ពី​ថៃ្ង​ទី​១៧ ខែ​សីហា​កន្លង​ទៅ​នេះ ឲ្យ​បន្ត​នៅ​ក្រៅ​ឃុំ​ឬ​មាន​សេរីភាព​ជា​បន្ត​ទៀត ហើយ​បង្គាប់​ឲ្យ​បើក​ការស៊ើប​អង្កេត​បន្ថែម​ចំពោះ​ការចន្លោះ​ប្រហោង​កន្លង​មក។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​កន្លង​ទៅ ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក ជា មុនី នោះ៕

No comments: