ប្រជា​សហគមន៍​ប្រមាណ​៣០០​នាក់​តវ៉ា​ពី​បញ្ហា​ដី​ធ្លី​និង​ការនេសាទ

ប្រជា​សហគមន៍​ប្រមាណ​៣០០​នាក់​តវ៉ា​ពី​បញ្ហា​ដី​ធ្លី​និង​ការនេសាទ

2009-08-13

អ្នក​តំណាង​ប្រជា​សហគមន៍​ប្រមាណ​៣០០​នាក់​មក​ពី​២៩​សហគមន៍​និង​១៩​ខេត្ត​ក្រុង នាំ​គ្នា​មក​តវ៉ា​បញ្ហា​ដី​ធ្លី​និង​ការនេសាទ​ដែល​ប៉ះពាល់​ផ្ទៃ​ដី​សហគមន៍​ទំហំ​ជាង​៧៣៤.៩០០​ហិកតារ ក្រោយ​ពី​មាន​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​វិនិយោគ​ទៅ​ក្រុមហ៊ុន​នានា​និង​អ្នក​មាន​អំណាច ហើយ​ពួក​គេ​បាន​ចុះ​ទៅ​រឹប​យក​ដី​ពី​អ្នក​ស្រុក។

RFA/Savyouth

ពលរដ្ឋ​រង​របួស​ដោយសារ​ការ​បាញ់​រះ​របស់​សមត្ថកិច្ច​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​ជីក្រែង ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២២ មីនា ២០០៩

តំណាង​សហគមន៍​មក​ពី​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំង​២៩​សហគមន៍​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​ទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​មហាផ្ទៃ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដី​ធ្លី និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ផងដែរ សុំ​ឲ្យ​សើរើ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជា​សហគមន៍​គ្រប់​ជាតិ​សាសន៍ ៖ «ការទ្រាំ​លំបាក ជនជាតិ​ដើម​ភាគ​តិច​របស់​យើង​ខ្ញុំ​តាំង​ពី​ឆ្នាំ​២០០១ ២០០៤ ២០០៣ ហ្នឹង គឺ​ការងារ​បាត់បង់​ដី​ធ្លី​វា​តិច​ណាស់ ពីព្រោះ​នៅ​ខេត្ត​រតនគិរី​គឺ​ជា​ដី​មួយ​ដែល​សំបូរ​ទៅ​ដោយ​ដី​ក្រហម រហូត​ដល់​ឆ្នាំ​២០០៨​-​២០០៩ គឺ​មាន​ការផ្ទុះ​ឡើង​ដោយសារ​ដី​ធ្លី​ហ្នឹង មាន​ឈ្មួញ​មក​ពី​ខាង​ក្រៅ ដោយ​មាន​អ្នក​មាន​អំណាច​មួយចំនួន​ដែល​មក​រំលោភ​យក​ដី​ធ្លី​ជនជាតិ​ភាគ​តិច ជាមួយ​អ្នក​ដែល​មាន​អំណាច អ្នក​ដែល​មាន​លុយ ហើយ​គាប​សង្កត់​ជនជាតិ​ដើម​ភាគ​តិច។ ពីព្រោះ​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​មនុស្ស​មួយ​ដែល​មិន​ចេះ​អក្សរ ហើយ​គ្មាន​ដឹង​អំពី​ច្បាប់»

តំណាង​សហគមន៍​ខេត្ត​ឧត្តរមានជ័យ លោក សេង សុខហេង ថ្លែង​ថា ៖ «កន្លង​មក​គឺ​យើង​តែងតែ​ធ្វើការ​ព្យាយាម​ដោះស្រាយ​បញ្ហា តាមរយៈ​ការដាក់​ពាក្យ​បណ្ដឹង ឬ​ក៏​ការលើក​គ្នា​មក​ធ្វើការ​តវ៉ា ទៅ​ស្ថាប័ន​របស់​រដ្ឋាភិបាល ថ្នាក់​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ ប៉ុន្តែ​ដំណោះស្រាយ​គឺ​មិន​ដែល​មាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ពួក​យើង​ទាំងអស់​គ្នា​ព្យាយាម​ការពារ​សិទ្ធិ ការពារ​ដី​ធ្លី​ទាំងអស់ យើង​ខ្ញុំ​ត្រូវ​ប្រឈម​នឹង​ការគំរាម​កំហែង ការវាយ​ប្រហារ ការចោទ​ប្រកាន់​ពី​ប្រព័ន្ធ​តុលាការ ពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ឬ​បទល្មើស​ផ្សេងៗ»

តំណាង​សហគមន៍​មក​ពី​ខេត្ត​សៀមរាប អ្នកស្រី ឈិត សំបូរ ថ្លែង​ថា ជម្លោះ​ដី​ធ្លី​កើន​ឡើង​នៅ​ពេល​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​ខេត្ត​សៀមរាប ៖ «ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​បាក់​មុខ​បាក់​មាត់​ពី​សម្ដេច​ទេ ព្រោះ​អ្នក​មាន​អំណាច មាន​អំណាច​ភាគ​តូច នៅ​ជាន់​ក្រោម យក​លក់​គាត់​គ្មាន​ពិចារណា​ថា ពលរដ្ឋ​ភាគ​ច្រើន​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​ទេ គាត់​អត់​ចេះ​គិត​ទេ គឺ​ដឹង​តែ​ពី​ដុល្លារ​ចូល​ហោប៉ៅ​របស់​ខ្លួន។ ខ្ញុំ​ជា​ពលរដ្ឋ​ដែល​ខ្ញុំ​អត់​បាន​លក់​ដី​នេះ គឺ​ថា​តុលាការ​កោះហៅ​ប្រជាពលរដ្ឋ​ច្រើន​លើក​ច្រើន​សា​មក​ហើយ ប្រជាពលរដ្ឋ​អត់​មាន​កំហុស គាត់​អត់​មាន​ទោស គាត់​អត់​មាន​បាន​លួច​ឆក់​ប្លន់​អ្នក​ណា​ទេ គឺ​ដី​កម្មសិទ្ធិ​របស់​គាត់​ពិត​ប្រាកដ ហើយ​ដី​ភូមិ​ខ្ញុំ​នេះ គឺ​អត់​មាន​នរណា​ធ្វើ​កំណត់​កាន់កាប់​ឲ្យ​ទេ...»

តំណាង​សហគមន៍​មក​ពី​ខេត្ត​កំពត​ឲ្យ​ដឹង​ថា នៅ​ខេត្ត​កំពត​មាន​បញ្ហា​២​ខុស​គ្នា ទី​១ បញ្ហា​ទំនាស់​ផល​នេសាទ ដែល​មាន​អ្នក​មាន​អំណាច​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចាក់​លុប​ដៃ​សមុទ្ទ​ជា​ជម្រក​ត្រី ក្តាម មឹក បង្គា ព្រៃ​កោងកាង​និង​ផ្កា​ថ្ម ដែល​ប្រជា​សហគមន៍​រំពឹង​ផល​នេសាទ​ពី​សមុទ្ទ​នោះ។ ឥឡូវ​ត្រូវ​គេ​ចាក់​ដី​លុប​ដៃ​សមុទ្ទ ពី​តំបន់​កែប​ថ្មី​ទៅ​ដល់​ទទឹង​ថ្ងៃ និង​មួយ​ទៀត​ទំនាស់​ដី​នៅ​ឃុំ​ត្រពាំងភ្លាំង​ជាមួយ​ក្រុមហ៊ុន​មួយ។

គាត់​ថា រឿង​ទាំង​២​នេះ​ពាក់ព័ន្ធ​នឹង​ជីវភាព​អ្នក​ស្រុក​ខ្លាំង ហើយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​នាំ​ឲ្យ​ភាព​ក្រីក្រ​កើន​ឡើង។ ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​បាន​ឮ​ទុក្ខ​សោក​របស់​គេ អ្នក​ស្រុក​បាន​រៃ​អង្គាស​ប្រាក់​ចាត់​ឲ្យ​មាន​តំណាង​ឡើង​មក​តវ៉ា ៖ «ការឈូស​ឆាយ​ព្រំ​និង​ការរំលោភ​យក​ដី​ប្រជាពលរដ្ឋ ព័ទ្ធ​យក​ព្រំ​ហ្នឹង គឺ​គាត់​ទៅ​កាយ​ស្ពាន​ដែល​ប្រជាពលរដ្ឋ​និង​គណៈកម្មការ​វត្ត​គាត់​ខំ​កសាង​ផ្លូវ ស្ពាន​ហ្នឹង គឺ​បាន​២​កន្លែង តែ​ក្រុមហ៊ុន​គេ​លើក​ទិស​ថា ធ្វើ​ស្ពាន​ចាក់​ជា​ស៊ីម៉ង់ត៍​និង​ធ្វើ​ជា​ស្ពាន​ដែក។ តែ​ផ្ទុយ​ទៅ​វិញ​គាត់​កាយ​ឈើ​ចេញ ឥឡូវ​ហ្នឹង​ចាក់​ស៊ីម៉ង់ត៍​សងខាង ឆ្លង​ទៅ​មក​អត់​បាន ហើយ​ដល់​នេះ​គេ​ធ្វើ​ជា​ក្បូន​ចម្លង​ឆ្លង​យក​ម៉ូតូ​មួយ​៥​ពាន់(រៀល) មក​គេ​យក​៥​ពាន់»

តំណាង​សហគមន៍​ស្ពាន​ឆេះ​មក​ពី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រង​នូវ​ការដុត​ផ្ទះ​សម្បែង​និង​ចាប់​មនុស្ស​ដាក់​គុក​ច្រើន​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​ការតវ៉ា​ទាមទារ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់។

តំណាង​សហគមន៍​ស្រែអំបិល ឃុំ​ជីខ​ក្រោម ឲ្យ​ដឹង​ថា អ្នក​មាន​អំណាច​បង្ខំ​ឲ្យ​អ្នក​ស្រុក​៤៣​គ្រួសារ​កំពុង​រស់នៅ​លើ​ដី​របស់​ខ្លួន​ចាកចេញ​ពី​ដី​នៅ​ថ្ងៃ​២១ និង​ថ្ងៃ​២៣ ខែ​សីហា​ខាង​មុខ។

តំណាង​សហគមន៍​បឹងកក់​ឲ្យ​ដឹង​ថា ពួក​គាត់​១៣០​គ្រួសារ​កំពុង​តែ​រង​នូវ​ការបង្ខំ​ឲ្យ​ចេញ​ពី​ដី​ដោយ​សាលា​ខណ្ឌ​ដូនពេញ​និង​ក្រុមហ៊ុន​ស៊ូកាគូ​ទុក​ពេល​ឲ្យ​អ្នក​ស្រុក​ភូមិ​៤​និង​ភូមិ២​រហូត​ដល់​ចុង​សប្តាហ៍​នេះ ឲ្យ​រើ​ផ្ទះ​ចេញ​ពី​ដី ៖ «បុរី​កីឡា​ដី​មួយចំនួន​តូច​គឺ​៤​ទៅ​៤​ហិកតារ គេ​អាច​ធ្វើ​ហើយ​បាន​ឲ្យ​ប្រជាជន​ចុះ​ទៅ​នៅ​លំនៅ​ថ្មី​បាន។ ហេតុ​អី​ប្រជាជន​នៅ​បឹងកក់​ចំនួន​១៣៣​ហិកតារ អភិវឌ្ឍ​ឲ្យ​ប្រជាជន​មិន​បាន ហើយ​ចាំបាច់​ដេញ​ប្រជាជន​រុះរើ​ឲ្យ​ទៅ​នៅ​កន្លែង​ថ្មី។ ខ្ញុំ​សូម​សំណូមពរ​ថា ឲ្យ​ខ្ញុំ​នៅ​កន្លែង​នេះ ទាល់តែ​បាន​ដំណោះស្រាយ​ថ្មី​ទើប​ខ្ញុំ​ចុះ​ចេញ»

តំណាង​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​អង្កេត​ពី​ជម្លោះ​ដី​ធ្លី លោក នី ចរិយា ថ្លែង​ថា ពាក្យ​បណ្តឹង​ក្នុង​ឆ្នាំ​២០០៨ មាន​ជាង​៣០០ ពាក់ព័ន្ធ​នឹង​ដី​ធ្លី​របស់​សហគមន៍​នានា​ជាមួយ​ក្រុមហ៊ុន នៅ​ពេល​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​គេ​វិនិយោគ។

លោក​បាន​បន្ត​ថា ៖ «អ្វី​ដែល​សហគមន៍​បាន​ធ្វើ គឺ​លោក​បាន​ធ្វើ​ស្រប​ទៅ​នឹង​គោលការណ៍​ច្បាប់ ទោះ​បី​ជា​ការដោះស្រាយ​នោះ​មិន​ទាន់​បាន​ដល់​គោលដៅ​ក៏​ដោយ»

ចំណែក​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា បញ្ហា​ផ្តល់​ដី​ធ្លី​សម្រាប់​វិនិយោគ​នោះ រដ្ឋាភិបាល​ធ្វើ​សម្រាប់​ការរីក​ចម្រើន​ប្រទេស​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មុន​នឹង​ផ្តល់​សិទ្ធិ​វិនិយោគ​ត្រូវ​ឲ្យ​មន្រ្តី​ជំនាញ​ចុះ​សិក្សា​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​ជា​មុន​សិន ហើយ​ត្រូវ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ និង​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

លោកស្រី​ថា ជម្លោះ​ដី​ធ្លី​កន្លង​មក​បណ្តាល​មក​ពី​សិទ្ធិ​កាន់កាប់​ដី​ធ្លី​រដ្ឋ​នៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការចេញ​ប័ណ្ណ​កាន់កាប់​ដី​ធ្លី និង​ការ​មិន​ទាន់​កំណត់​ព្រំ​ប្រទល់​ខេត្ត ស្រុក ឃុំ ភូមិ ច្បាស់លាស់ ដែល​បាន​នាំ​ឲ្យ​កើត​ជា​បញ្ហា​ជម្លោះ ៖ «ខ្ញុំ​ថា ទាមទារ​ហ្នឹង​ត្រឹមត្រូវ ព្រោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវការ​ដី ត្រូវការ​ឲ្យ​មាន​ផ្ទះ ឲ្យ​មាន​ដំបូល»

តំណាង​សហគមន៍​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​មហាផ្ទៃ​ក្រសួង​ទីស្តីការ​គណៈរដ្ឋមន្រ្តី អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​ធ្លី និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី បាន​ទទួល​យក​ពាក្យ​បណ្តឹង​របស់​ពួក​គាត់ និង​មិន​ទាន់​បាន​សន្យា​ថា​ជួយ​ដោះស្រាយ​នៅ​ពេល​ណា​ទេ។

ក្រុម​ប្រជា​សហគមន៍​ទាំង​៣០០​នាក់​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ពួក​គេ​មិន​ទទួល​បាន​ការដោះស្រាយ​ស្រប​ច្បាប់​និង​ទាន់​ពេល​នោះ​ទេ ពួក​គេ​នឹង​ជួប​ប្រជុំ​គ្នា​ធ្វើការ​តវ៉ា​ជា​ថ្មី​ទៀត​ដើម្បី​ទាមទារ​ឲ្យ​មាន​សិទ្ធិ​កាន់កាប់​ដី​ធ្លី​ដើម្បី​បង្ក​បង្កើន​ផល​ប្រកប​របរ​ចិញ្ចឹម​ជីវិត៕

No comments: