សាលាក្ដីខ្មែរក្រហមជជែកអំពីតួនាទីរបស់ភាគីដើមបណ្ដឹងរដ្ឋប្បវេណី
ដោយ ឡេង ម៉ាលី
2009-08-28
អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម បានបដិសេធចោលសំណើសុំសិទ្ធិរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីសម្រាប់នីតិវិធីសួរដេញដោលទាក់ទងនឹងអត្តចរិតរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច។
ទិដ្ឋភាពក្នុងសវនាការនាថ្ងៃទី២៩ មិថុនា ២០០៩ នៅសាលាក្ដីខ្មែរក្រហម។
ការប្រកាសបដិសេធនេះ ត្រូវបានធ្វើឡើងដោយលោក និល ណុន ប្រធានចៅក្រមអង្គជំនុំជម្រះសាលាដំបូងសាលាក្តីខ្មែរក្រហម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ សីហា ឆ្នាំ២០០៩ បន្ទាប់ពីការជជែកដេញដោលមួយលើសំណើដែលលើកឡើងថា តើមេធាវីដើមបណ្តឹងរដ្ឋប្បវេណី គួរតែបានអនុញ្ញាតឲ្យមានសិទ្ធិឬទេ ក្នុងការសួរជនជាប់ចោទនិងសាក្សី ដែលនឹងត្រូវហៅមកផ្តល់សក្ខីកម្មអំពីអត្តចរិតរបស់ជនជាប់ចោទនោះ។
ក្រោយការដកឃ្លារបស់ក្រុមចៅក្រមទៅពិភាក្សាអស់រយៈពេល ៣០នាទីមក លោកចៅក្រម និល ណុន បានប្រកាសថា ៖ «តាមមតិភាគច្រើនរបស់អង្គជំនុំជម្រះ និងមតិជំទាស់របស់ចៅក្រម Lavergne អង្គជំនុំជម្រះសម្រេចដូចខាងក្រោមនេះ ដើមបណ្តឹងរដ្ឋប្បវេណី មិនត្រូវបានអនុញ្ញាតឲ្យសួរជនជាប់ចោទទាក់ទងនឹងអត្តចរិតនិងសាក្សីដែលមាន»។
ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមេធាវីការពារក្តីជនជាប់ចោទ ឌុច ជំទាស់ថា មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមិនគួរមានសិទ្ធិសួរទេ ពីព្រោះដើមបណ្តឹងរដ្ឋប្បវេណីមិនមានកាតព្វកិច្ចក្នុងការចោទប្រកាន់និងធ្វើសេចក្តីសន្និដ្ឋានផ្នែកច្បាប់ទេ ហើយម្យ៉ាងទៀតនាំឲ្យមានភាពមិនស្មើគ្នាក្នុងតទល់រកយុត្តិធម៌។
នៅក្នុងពេលជជែកដេញដោលអំពីសំណើសុំសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងនីតិវិធីសួរដេញដោលសាក្សីនិងជនជាប់ចោទ ឌុច ទាក់ទងអត្តចរិតរបស់គាត់ ភាគីសហព្រះរាជអាជ្ញា ដែលតំណាងឲ្យជនរងគ្រោះ បានលើកឡើងថា ដើមបណ្តឹងរដ្ឋប្បវេណីគួរបានអនុញ្ញាតឲ្យបន្តការសួរដេញដោលបាន ដោយលើកសំអាងដូច្នេះ ៖ «ដំណើរការនីតិវិធីកន្លងមក គឺមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី សុទ្ធតែបានចូលរួមនៅក្នុងគ្រប់ការសួរដេញដោលទាំងអស់។ ហើយក៏មិនមានវិធានណាមួយដែលចែងហាមឃាត់ភាគីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងការសាកសួរដេញដោលនេះដែរ។ ដូច្នេះតំណាងអយ្យការយល់ឃើញថា វាជាការសមរម្យដែលអនុញ្ញាតឲ្យមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីបន្តការសួរដេញដោលដូចពេលកន្លងមក ដែលបានធ្វើអ៊ីចឹង»។
សូមជម្រាបថា បន្ទាប់ពីការប្រកាសនៅក្នុងអង្គសវនាការ លោកចៅក្រម និល ណុន បានបញ្ជាក់ថា សេចក្តីសំអាងចំពោះការបដិសេធសំណើជាលាយល័ក្ខណ៍អក្សរ នឹងត្រូវប្រកាសដល់គ្រប់ភាគីនៅក្នុងពេលសមស្របណាមួយខាងមុខ៕
No comments:
Post a Comment