បេក្ខជន​ប្រឡង​បាក់ឌុប​នៅ​ស្ទឹងត្រែង​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការកែ

2009-08-26

សិស្ស​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បត្រ​ទុតិយភូមិ នៅ​មណ្ឌល​ប្រឡង​ខេត្ត​ស្ទឹងត្រែង ជិត​១០០​នាក់ ទាមទារ​ឲ្យ​មាន​ការពិនិត្យ​ឡើង​វិញ​នូវ​កំណែ​វិញ្ញាសា​ប្រឡង​របស់​ពួក​គេ​ក្រោម​ហេតុ​ផល​ថា មាន​ភាព​មិន​ប្រក្រតី​ដែល​ធ្វើ​ឲ្យ​លទ្ធផល​ប្រឡង​កាល​ពី​ពេល​ថ្មីៗ​បង្ហាញ​ថា​សិស្ស​ជាង​៧០%​នៅ​ក្នុង​ខែត្រ​ប្រឡង​ធ្លាក់។

RFA Photo/Keopich Metta

ទិដ្ឋភាព​ពេល​សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង វិទ្យាល័យ​ទេពប្រណម្យ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​២៧ កក្កដា ២០០៩។

ប្រតិកម្ម​តវ៉ា​នេះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​បន្ត​បន្ទាប់​គ្នា​ដោយ​ក្រុម​សិស្ស​ជា​អតីត​បេក្ខជន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០០៩ ជិត​១០០​នាក់​នាំ​គ្នា​មក​កាន់​ការិយាល័យ​សមាគម​អាដហុក​ខេត្ត ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ជួយ ហើយ​នៅ​ថ្ងៃ​ទី​២៦ សីហា ពួក​គេ​បាន​នាំ​ញត្តិ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្រយោជន៍​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​អប់រំ។

ឈ្មោះ ហេង ឌីណា តំណាង​ឲ្យ​សិស្ស​អ្នក​តវ៉ា​មាន​ប្រសាសន៍​ថា ៖«គេ​ប្រឡង​ទាំង​១០​មុខ​ហ្នឹង អ្នក​ខ្លះ​បាន ០,០០ ឡើង​ទៅ ០,៩។ ពិន្ទុ​ហ្នឹង​មាន​រហូត​ដល់ ៤៧%។ បង្ខំ​កូន​សិស្ស​ឲ្យ​ស្រាត​ខោ​ដើម្បី​គេ​ឆែក​ឯកសារ»

ចំណែក​ឈ្មោះ ញាណ បុប្ផា តំណាង​អ្នក​តវ៉ា​ម្នាក់​ទៀត​បញ្ជាក់​ថា ការរិត​បន្តឹង​បែប​នេះ​ជា​ភាព​អយុត្តិធម៌​សម្រាប់​ពួក​នាង​ជា​សិស្ស​រៀន​នៅ​ខេត្ត​ឆ្ងាយ​ដែល​ភាគ​ច្រើន​ឪពុក​ម្តាយ​មាន​ជីវភាព​ខ្វះ​ខាត ៖ «សុំ​ឲ្យ​គេ​ជួយ​កែ​ម្ដង​ទៀត ម្នាក់ៗ ០,០០ ២៦៧​នាក់»

ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា​២០០៨​-​២០០៩ នៅ​ខេត្ត​ស្ទឹងត្រែង ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ហើយ​ប្រកាស​លទ្ធផល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០០៩។ ចំណែក​លទ្ធផល​ផ្លូវការ​មាន​តែ​សិស្ស​ជាង​២៣%​ប៉ុណ្ណោះ​បាន​ជាប់​សញ្ញាបត្រ។

លោក មាន សុវណ្ណារិទ្ធ ប្រធាន​មណ្ឌល​ប្រឡង​វិទ្យាល័យ ហ៊ុន សែន ខេត្ត​ស្ទឹងត្រែង មាន​ប្រសាសន៍​ពី​ករណី​នេះ ៖ «រាង​ធ្លាក់​ច្រើន ប៉ុន្តែ​រឿង​ខ្ញុំ​អត់​ដឹង​ទេ គេ​មាន​គណៈកម្មការ​ច្រើន គ្រូ​គ្រប់​ខេត្ត​ទាំង​អស់​អ្នក​កែ ប៉ុន្តែ​រឿង​ស្រាត​ខោ​ស្រាត​អី​អត់​មាន​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការបញ្ជាក់​ពី លោក ឡូយ សូផាត អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​ទេ ចំពោះ​ការសុំ​កិច្ច​អន្តរាគមន៍​របស់​សិស្ស​ខាង​លើ​ទៅ​អាជ្ញាធរ​ខេត្ត​ដោយ​លោក​រវល់​ប្រជុំ។

លោក ហ៊ូ សំអុល មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង មាន​ប្រសាសន៍​ថា ក្រុម​សិស្ស​អ្នក​តវ៉ា​បាន​ព្យាយាម​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ខេត្ត នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ សីហា បន្ទាប់​ពី​មន្ត្រី​សាលា​ខេត្ត​តម្រូវ​ឲ្យ​កែ​សម្រួល​ឃ្លា​ប្រយោគ​ញត្តិ​មួយចំនួន។

យ៉ាង​នេះ​ក្តី លោក សុខ សុខា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​អធិការកិច្ច​ក្រសួង​អប់រំ មាន​ប្រសាសន៍​ថា ក្រសួង​មិន​ទាន់​បាន​ដឹង​ពី​ការតវ៉ា​នោះ​ទេ។ លោក​ថា ញត្តិ​របស់​សិស្ស​អាច​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ដើម្បី​ចាត់​វិធានការ។

លោក សុខ សុខា បាន​មាន​ប្រសាសន៍​ថា ៖ «ទាល់​តែ​ដាក់​ចូល​ទៅ​រដ្ឋមន្រ្តី​ទៅ ឲ្យ​យក​ចូល​រដ្ឋមន្រ្តី​ឲ្យ​គាត់​ពិនិត្យ គាត់​ចារ​មក​ពួក​ខ្ញុំ បាន​ខ្ញុំ​ចុះ​ទៅ​ធ្វើ​កុសល្យវិច័យ»

កាល​ពី​ឆ្នាំ​សិក្សា​២០០៧​-​២០០៨ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បត្រ​ទុតិយភូមិ នៅ​ខេត្ត​ស្ទឹងត្រែង សិស្ស​ដែល​ប្រឡង​ជាប់​មាន​ត្រឹម​តែ​៣៨%​តែ​ប៉ុណ្ណោះ៕

No comments: