មេទ័ពខ្មែរ-ថៃជួបគ្នានៅភ្នំពេញប៉ុន្តែមិននិយាយពីរឿងជម្លោះព្រំដែន
ដោយ ហ៊ុយ វណ្ណៈ
2009-08-24
មន្ត្រីអ្នកនាំពាក្យថ្លែងឲ្យដឹងថា ជំនួបរយៈពេលជិតមួយម៉ោងរវាងមេបញ្ជាការកងទ័ពខ្មែរនិងមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពថៃ នៅរសៀលថ្ងៃច័ន្ទ ទី២៤ ខែសីហា នាទីស្តីការក្រសួងការពារជាតិខ្មែរក្នុងក្រុងភ្នំពេញ គឺមិនបានពិភាក្សាអំពីបញ្ហាប្រឈមនៅព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរនោះឡើយ ពោលគឺភាគីទាំងពីរជជែកតែអំពីការធ្វើបុណ្យរួមគ្នានៅឯវត្តមួយក្នុងខេត្តកំពង់ធំ។
ទាហានខ្មែរឈរយាមនៅក្បែរប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ នាថ្ងៃទី៥ មេសា ២០០៩។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ជាមន្ត្រីនាំពាក្យក្រសួងការពារជាតិខ្មែរ បានថ្លែងទៀតថា លោកឧត្តមសេនីយ៍ឯក Songkitti Jaggabatara (សុងគិត ចៈកាផាត់) ជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពភូមិន្ទថៃបានដឹកនាំប្រតិភូយោធាថៃជិត ១០០នាក់ មកជួបពិភាក្សាជាមួយនឹងលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាអំពីការធ្វើបុណ្យរួមគ្នានោះ។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ថ្លែងយ៉ាងដូច្នេះ ៖ «ធ្វើបុណ្យនៅវត្តសំបូរ នៅប្រាសាទសំបូរ ខេត្តកំពង់ធំ ភូមិឈើទាល ដែលព្រះអង្គម្ចាស់ សុរិន្ទ ថន លោកបានស្ថាបនាហ្នឹង ធ្វើបុណ្យនៅវត្តហ្នឹង។ ឯកឧត្ដម ប៉ុល សារឿន ឯកឧត្ដម សុងគិត បានចេញដំណើរទៅធ្វើបុណ្យថ្ងៃហ្នឹងហើយ»។
នៅពេលដែលវិទ្យុអាស៊ីសេរីសួរថា ចំណុចសំខាន់អ្វីដែលនាំឲ្យមេបញ្ជការជាន់ខ្ពស់កងទ័ពនៃប្រទេសទាំងពីរ យកការជួបគ្នាពេលនេះ ផ្តោតការពិភាក្សាតែលើការធ្វើបុណ្យជាជាងផ្តោតលើបញ្ហាប្រឈមផ្នែកយោធានៅឯព្រំដែននោះ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ថ្លែងថា ៖ «ថ្នាក់ដឹកនាំកងទ័ពយើងទាំងពីរ ទាំងថៃនិងកម្ពុជា អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំខាន់បំផុតយើងដោះស្រាយលើការចរចាទ្វេភាគី ហើយការវាស់បង្គោល បោះបង្គោលអី ឲ្យគណៈកម្មការព្រំដែនឯកឧត្ដម វ៉ា គឹមហុង អ្នកធ្វើទេ។ អ៊ីចឹងយើងរួមគ្នាដើម្បីស្វែងយល់ឲ្យបានច្រើនទៀត ដូចថា ទ័ពយើងនៅកន្លែងណានៅកន្លែងហ្នឹង កុំឲ្យមានវិបត្តិអីកើតឡើង មិនឲ្យរំកិលទៅមុខរកគ្នា។ អ៊ីចឹងហើយបាន ជាការជួបជុំនេះអំណោយផលល្អដែរសម្រាប់ដំណោះស្រាយព្រំដែន»។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ទី២២ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃថា ស្ថានការណ៍យោធានៅព្រំដែនគោករវាងប្រទេសទាំងពីរកម្ពុជា-ថៃ មានភាពធូរស្រាលច្រើន បន្ទាប់ពីថៃបានកាត់បន្ថយចំនួនទ័ពពី ៧០០នាក់ មកនៅ ៣០នាក់។ ចំណែកឯនាវាចម្បាំងរបស់ថៃ នៅឯមូលដ្ឋានកោះកូត ជិតព្រំដែនទឹកកម្ពុជានោះក៏ត្រូវថៃកាត់បន្ថយផងដែរ ពីចំនួន១០គ្រឿង មកនៅ ៣គ្រឿង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៀតថា កម្ពុជាក៏គ្រោងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនផងដែរ ប៉ុន្តែលោកក៏បញ្ជាក់ផងដែរថា កងទ័ពខ្មែរត្រូវប្រកាន់ជំហរត្រៀមប្រយុទ្ធជានិច្ច ៖ «បើចរចាគ្នាបាន ក៏ចរចា បើគេមកហើយ ហ្នឹងគឺត្រូវតែដាក់ហើយ វាជៀសមិនរួច មិនមែនពួកឯង ក្បាលប៉ាតដែកទេ»។
សូមជម្រាបថា ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងកម្ពុជា-ថៃ ជាពិសេស នៅឯតំបន់ប្រាសាទព្រះវិហារខ្មែរ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មក គឺនៅមួយសប្តាហ៍បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕
No comments:
Post a Comment